ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៣រូប ដែលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុវត្តវិធានការវិន័យ ដោយបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
ការសម្រេចនេះ បានធ្វើឡើងក្រោយពីរកឃើញថាមន្ត្រីទាំងនោះ បានប្រព្រឹត្តអំពើល្មើសវិន័យយ៉ាងធ្ងន់ខាងសណ្តាប់ធ្នាប់ និងវិន័យវិជ្ជាជីវៈនគរបាល ជាពិសេសក្នុងកំឡុងអនុវត្តភារកិច្ចបង្ក្រាប បែបផែនល្មើសច្បាប់ចរាចរណ៍ នៅតាមបណ្តោយស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ថិតក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីបានបន្តអនុវត្តយុទ្ធនាការសុទ្ធសាធក្នុងការកែសម្រួលវិន័យ និងសីលធម៌មុខរបរនគរបាល ដោយមិនលើកលែងនូវបុគ្គលណាម្នាក់ ប្រសិនបើរកឃើញមានអំពើខុសប្រក្រតី។
តាមទិសដៅផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តវិធានវិន័យជាបន្តបន្ទាប់ ដែលរួមមាន៖ ការអប់រំនិងធ្វើកិច្ចសន្យា ការព្រមាន ការកាត់ឋានៈ ការដកហូតមុខតំណែង និងការបណ្តេញចេញពីក្របខណ្ឌ។
ការសម្រេចបណ្តេញមន្ត្រីចំនួន ៣នាក់នេះ បញ្ជាក់ឲ្យឃើញថា កងកម្លាំងនគរបាលជាតិ តែងតែបន្តអនុវត្តច្បាប់ និងតំរូវការចំពោះសីលធម៌នៃមុខរបរដោយឧត្តមគតិ និងភាពត្រឹមត្រូវ៕



