ភ្នំពេញ : ការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នគរបាលឈ្មោះ ហ៊ុន ហេង ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី ២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វិវឌ្ឍនៈ  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ត្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។

សូមរំលឹកផងដែលថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើងដោយឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរជានគរបាលជាតិ។

ក្រោយមកមន្រ្តីនគរបាលរូបនេះ បានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS RX-400H ពណ៌ទឹកមាសផ្លាកលេខ ភ្នំពេញ 2AQ-2188  ក្នុងស្ថានភាពស្រវឹង និងបានបុករះពីក្រោយយានយន្តចំនួន៥គ្រឿង បណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងរបួស ព្រមទាំងមានការខូចខាតនូវទ្រព្យសម្បត្តិចំនួន រួមមាន៖

១-ម៉ូតូកង់បីម៉ាកTVS ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HO-5129 បើកបរដោយឈ្មោះ ញ៉ុយ កំសត់ភេទប្រុស ពុំមានរងរបួស។
២-ម៉ូតូកង់បីម៉ាកBAJAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JN- 6871 បើកបរដោយឈ្មោះ អ៊ុង ជំនោរ ភេទប្រុស ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៣នាក់ ត្រូវរងរបួសស្រាល។

៣-ម៉ូតូកង់បីម៉ាក BAJAIពណ៌ស ផ្លាកលេខ ភ្នំពេញ 1HS-5836 បើកបរដោយឈ្មោះ រៀន សុភឿន ភេទប្រុស ត្រូវស្លាប់នៅកន្លែងកើតហេតុ។
៤-ម៉ូតូម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CI-8238 បើកបរដោយឈ្មោះ ញ៉ វី ភេទប្រុស ត្រូវរងរបួសធ្ងន់ និង ៥-រថយន្តម៉ាក TOYOTA PRUIS ពណ៌ក្រហម  ផ្លាកលេខ ភ្នំពេញ 2BU-0755 បើកបរដោយឈ្មោះ កូយ គីមណាល់ ភេទប្រុស ពុំមានរងរបួស។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះថា អ្នកបើកបររថយន្ដបង្កឈ្មោះ ហ៊ុន ហេង ក្រៅពីអនុវត្តតាមច្បាប់ ក៏បានអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed