ខេត្តកណ្ដាល : បន្ទាប់ពី អាជ្ញាធរ រដ្ឋបាលឃុំត្រេីយស្លា កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួម អភិបាល អភិបាលរង នាយករដ្ឋបាល មន្ត្រីពាក់ព័ន្ធ រដ្ឋបាលស្រុកស្អាង លោកមេឃុំ ក្រុមប្រឹក្សា ស្មៀនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងអនុភូមិ ពោធិ៍កណ្តាល និងភូមិពោធិ៍ក្រោម ប្រជាការពារ ក្នុងឃុំត្រេីយស្លា បានអមដំណេីរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជេីញជាអធិបតីក្នុងការបោះបង្គោលបញ្ចប់ ទីតាំង នៃគម្រោងព្រែកជីកហ្វូណនតេជោ (កំណាត់ទី១ ប្រវែង២១ គីឡូម៉ែត្រ)ក្នុងភូមិសាស្ត្រឃុំត្រេីយស្លា ស្រុកស្អាង និងស្រុកកៀនស្វាយខេត្តកណ្តាល ។

ប្រជាពលរដ្ឋចំនួនជាង១០០ គ្រួសារដែលរស់នៅក្នុងភូមិពោធ៍ក្រោម ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាលបាននាំគ្នា ស្នើសុំដល់ សម្ដេចតេជោហ៊ុនសែននិងសម្ដេចបបរធិបតីហ៊ុនម៉ាណែត ជួយអន្តរាគមន៍ដល់ពួកគាត់ផង… ដោយក្នុងការបោះបង្គោលបញ្ចប់ ទីតាំង នៃគម្រោងព្រែកជីកហ្វូណនតេជោ (កំណាត់ទី១ ប្រវែង២១ គីឡូម៉ែត្រ)ក្នុងភូមិសាស្ត្រឃុំត្រេីយស្លា ស្រុកស្អាង និងស្រុកកៀនស្វាយខេត្តកណ្តាល ។
ក្នុងការបោះបង្គោលបញ្ចប់ ទីតាំង នៃគម្រោងបានតែ១ថ្ងៃ ស្រាប់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មានស្រ្តីម្នាក់មិនស្គាល់ អមដោយកងកម្លាំង ប៉ូលីសនិងប៉េអឹម មកដកបង្គោល L67A , L68A ,L69A ,L70A ,L71A និងL71B ហើយយកបង្គោលទាំងនេះមកដាំបោះរំកិលចម្ងាយបន្ថែម ចំនួន៣០០ម៉ែត្រទៀត ដែលទាំងទីតាំងនេះបានកំណត់ ដោយគណៈកម្មការវាស់វែង និងមានការឯកភាពគ្នាពីរប្រជាពលរដ្ឋរួចមកហើយដែរ។


ជាក់ស្ដែងកាលពីនៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានមកជួបជុំគ្នានៅទីតាំងខាងលើ លោក អុឹង ហុកទ្រី តំណាងប្រជាពលរដ្ឋ បានលើកឡើងថា : ពួកយើងខ្ញុំមានបញ្ហាមិនប្រក្រតីនៅក្នុងគម្រោងព្រែកជីក ប៉ុន្តែបងប្អូនយើងប្រជាពលរដ្ឋយើងទាំងអស់មានការអបអរសាទរសមិទ្ធផលជាតិមួយនេះដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែការបោះបង្គោលមិនប្រក្រតី ការចុះវាស់វែងក៏មិនប្រក្រតី ទីមួយ មានគណៈកម្មការចម្រុះដែលមានឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមរដ្ឋមន្ត្រីប៉េងពោធិ៍នា និងអភិបាលស្រុក លោកបានមកបោះបង្គោលនៅថ្ងៃទី២០ ខែ១២ ឆ្នាំ២០២៤ គាត់បានមកបោះបង្គោលកំណត់យក៣០០ ម៉ែត្ររួចរាល់ហើយ បានថតរូបភាពជាអនុស្សាវរីយ៍ទៀតជាមួយគណៈកម្មការចម្រុះ និងមានការឯកភាពពីប្រជាពលរដ្ឋផងដែរ។
លុះស្អែកឡើងថ្ងៃទី២១ ខែ១២ ឆ្នាំ២០២៤ មានមនុស្សមួយក្រុម មានមនុស្សស្រីម្នាក់ អត់ស្គាល់ ពលរដ្ឋយើងអត់ស្គាល់ទាំងអស់ ប៉ុន្តែមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំត្រោយស្លានិងប៉េអឹមស្រុក ចុះមកជាមួយមនុស្សស្រីម្នាក់ហ្នឹងដកបង្គោលបង្ខិត៣០០ម៉ែត្រទៀតក្នុងនោះក៏គ្មានការជូនដំណឹង ជាលិខិតអីមកប្រជាពលរដ្ឋទេ។ លោកបានបន្តទៀតថា ពួកគាត់មិនយល់ព្រមទេ នៅពេលដែលបង្ខិតបង្គោលបន្ថែម៣០០ ម៉ែត្រថែមទៀត ក្នុងនោះមានដីសុទ្ធតែម៉ុងពីដូនតារាប់ជំនាន់មកហើយ មានចំនួនម៉ុងមួយរយទៅ២០០ម៉ុង។

ក្នុងនោះដែរអ្នកស្រី ទី សុខចាន់ តំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពោធ៍ក្រោមនិងពោធ៍កណ្ដាល បានលើកឡើងបន្តថា : នាងខ្ញុំជាពលរដ្ឋតំណាងទាំងពីរភូមិគឺភូមិពោធិ៍កណ្ដាលនិងពោធិ៍ក្រោមសូមគោរពដល់សម្ដេចពុកនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំជាប្រជាជនដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ជាតិ យើងខ្ញុំទាំងអស់មានការគាំទ្រយ៉ាងពេញកំហឹងនូវគម្រោងព្រែកជីក របស់សម្ដេចដែលផ្ដួចផ្ដើមឡើងដោយសម្ដេចទាំងពីរ ។ក៏មានផលប៉ះពាល់ដែរដូចជាពួកខ្ញុំទាំងអស់គ្នានេះ សូមសំណូមពរដល់សម្ដេច ការជីកព្រែក សូមឲ្យគោរពតាមគោលការណ៍រដ្ឋាភិបាលគឺ១៦០ម៉ែត្រដែលបានប្រកាសដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងមក ប៉ុន្តែជាក់ស្ដែងក្រុមវាស់វែង វាស់ទៅ៦០០ម៉ែត្រ ទីពីរខ្ញុំសូមសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធនឹងព្រែកជីក សូមឲ្យបញ្ជាក់ឲ្យច្បាស់អំពីជម្រៅទំហំព្រែកទីតាំងព្រែកឲ្យពិតប្រាកដ។

ទាក់ទងនឹងករណីខាងលើនេះលោក គួចចំរើនអភិបាលខេត្តកណ្ដាលបានប្រាប់អ្នកយកព័ត៌មានថា :”ខ្ញុំសុំឱ្យសួរទៅក្រសួងសាធារណការ គាត់ជាម្ចាស់ដើមចមនៃការវាស់វែង ខ្ញុំសុំបញ្ជាក់តាំងពីខ្ញុំទៅទើបតែលើកទីមួយហ្នឹង អញ្ចឹងវាអត់មានទីមួយទី២ ប្រៀបទេ បើចង់ច្បាស់សុំសួរទៅខាងក្រសួងសាធារណការ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ពុំអាចទំនាក់ទំនងទៅអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបាននៅឡើយទេ ដោយពុំមានលេខទូរសព្ទ ។ អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ភាគីព្រមទាំង ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាន ៕

















