“ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកជាដើមដែលសំដៅចំពោះប្រទេសចិន ល្មើសនឹងច្បាប់អន្តរជាតិ ហើយបានជះឥទ្ធិពលអវិជ្ជមានចំពោះសិទិ្ធមនុស្សរបស់ប្រជាជនចិន ព្រមទាំងបាននាំមកនូវផលវិបាកបន្ថែមទៀត ស្វាគមន៍ប្រទេសចិនឆ្លើយតបតាមរយៈមធ្យោបាយដ៏ចាំបាច់ខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ជាដើម។

” គិតរហូតដល់ថ្ងៃទី ៩ ខែតុលា កិច្ចប្រជុំលើកទី៥៧នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដំណើរការអស់រយៈពេលមួយខែហើយ នេះជាការរៀបរាប់របស់លោកស្រី Alena Douhan អ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។

កាលពីទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុន អាមេរិកបានលើកឡើងពាក្យស្លោកស្តីពី “ការទូតសិទ្ធិមនុស្ស” ក្នុងគោលបំណងទប់ស្កាត់សហភាពសូវៀត ។ ប្រការនេះមិនត្រឹមតែបានបំផ្លាញដល់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពខាងនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ដែលរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។

ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដដៃទៀត ជាបឋម អាមេរិកបានប្រឌិត នូវ “បទល្មើសសិទ្ធិមនុស្ស ” ។ សូមយកប្រទេសវ៉េណេស៊ុយអេឡាជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាឥតឈប់ឈរ ដោយយក “បញ្ហាសិទ្ធិមនុស្ស”ធ្វើជាលេស ដែលបណ្តាលឱ្យប្រទេសនេះកើតមានវិបតិ្តផ្នែកសេដ្ឋកិច្ច មនុស្សធម៌និងការអភិវឌ្ឍ ។

ព្រមពេលជាមួយគ្នានេះ អាមេរិកក៏បានប្រឌិត «របាយការណ៍ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃ»ដើម្បីមួលបង្កាច់និងគាបសង្កត់លើប្រទេសដទៃទៀត ។ សូមយកបញ្ហាពិភាក្សាអំពីតំបន់ស៊ីនជាំងជាឧទាហរណ៍ អាមេរិកបានប្រឌិតពាក្យភូតកុហកក្នុងរបាយការណ៍ជាច្រើនលើក ព្រមទាំងអនុវត្តការដាក់ទណ្ឌកម្មជាច្រើនផ្នែកទៅលើប្រទេសចិនដោយយកពាក្យកុហកទាំងនេះធ្វើជាលេស ក្នុងគោលបំណងលាបពណ៌រូបភាពលើឆាកអន្តរជាតិរបស់ប្រទេសចិន និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិន ។

ក្រៅពីរដ្ឋាភិបាលនិងប្រព័ន្ធសារព័ត៌មាន ក្នុង “សង្គ្រាមសិទ្ធិមនុស្ស” ជាមួយក្រៅប្រទេស អាមេរិកក៏មានតួអង្គដ៏សំខាន់មួយទៀត ពោលគឺអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ។ ឆ្លងតាមរយៈការបូកសរុបនិងវិភាគអាចរកឃើញថា NGO ដែលទទួលបានថវិកាពីសេតវិមាននិងរដ្ឋសភាអាមេរិក បាន “បង្កហេតុ”នៅតំបន់នានាទូទាំងពិភពលោក តាមរយៈវិធីសាស្ត្រដ៏សំខាន់ចំនួន៣យ៉ាង ទីមួយផ្តល់ជំនួយក្នុងការបណ្តុះបណ្តាល និងញុះញង់ដោយផ្ទាល់ឱ្យមានការតវ៉ានិងចលនារបស់បក្សពួកប្រឆាំង ។

ទីពីរ ឆ្លងតាមរយៈអ្វីដែលហៅថា បច្ចេកវិទ្យាOSINT ធ្វើការឃ្លាំមើលពីចម្ងាយចំពោះប្រទេសជាគោលដៅតាមរយៈរូបភាពផ្កាយរណបនិងទិន្នន័យនៃបណ្តាញទំនាក់ទំនងសង្គមជាដើម ដើម្បីប្រឌិតរបាយការណ៍ក្លែងក្លាយ។ ទីបីបញ្ចេញសំឡេងនិងធ្វើការឃោសនាលើផ្ទៃអន្តរជាតិ ដើម្បីគាបសង្កត់ទៅលើប្រទេសជាគោលដៅ ។

អាមេរិកក៏បានលូក “ដៃខ្មៅសិទ្ធិមនុស្ស”ចូលក្នុងយន្តការពហុភាគី ។ ក្នុងរយៈពេលជាយូរមកហើយ មួយផ្នែក អាមេរិកបានជំរុញការអនុវត្តសេចក្តីសម្រេចចិត្តអំពីប្រទេសដទៃទៀតគ្រប់បែបយ៉ាងជាញឹកញាប់ ដោយយកបញ្ហាសិទ្ធិធ្វើជាលេស ដើម្បីលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងដាក់កម្លាំងសម្ពាធ មួយផ្នែកទៀត ក៏បានរារាំងដំណោះស្រាយបញ្ហាមនុស្សធម៌ជាបន្ទាន់ទៅវិញ ។

ឧទាហរណ៍ ចាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងមក អាមេរិកបានប្រើសិទ្ធិវ៉េតូជាច្រើនលើក ដើម្បីរារាំងការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ។ កាលពីខែមេសាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តមួយច្បាប់ស្តីពីការហាមមិនឱ្យអ៊ីស្រាអែលដឹកជញ្ជូនអាវុធ ។

កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើមបានវាយប្រហារនិងលាបពណ៌សភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិនដោយយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំងធ្វើជាលេស ។

ប្រទេសចំនួនជាង១រយបានបង្ហាញអាកប្បកិរិយារបស់ខ្លួនតាមរបៀបខុសៗគ្នា ដើម្បីផ្តល់ការគាំទ្រដល់គោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ហើយបង្ហាញយ៉ាងច្បាស់ថា ប្រឆាំងប្រែក្លាយបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ប្រឆាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។

សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកអាមេរិកមានភាពយ៉ាប់យ៉ឺនណាស់ ប៉ុន្តែអាមេរិកបែរជាចង់ធ្វើជា “ចៅក្រមសិទ្ធិមនុស្ស ” ប្រការនេះមិនត្រឹមតែបានលាតត្រដាងនូវស្តង់ដារពីររបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អខាងសិទ្ធិមនុស្សទៀតផង ។ ទង្វើដែលដើរបញ្ច្រាសពីចរន្តប្រវតិ្តសាស្ត្របែបនេះ មានតែនឹងញ៉ាំងឱ្យប្រទេសដទៃទៀតប្រឆាំងយ៉ាងខ្លាំងក្លា ហើយនឹងធ្វើឱ្យអនុត្តរភាពបែបអាមេរិកកាន់តែថមថយចុះតែប៉ុណ្ណោះ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *