ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យឡើងដល់កំណែ3.0 បានបិទបញ្ចប់ ។ នេះជាវិធានការគន្លឹះក្នុងការលើកកម្ពស់លំដាប់ថ្នាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ។
ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដោយអំពាវនាវឱ្យបង្កើតបណ្តាញទំនាក់ទំនងប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មងើបឡើងថ្មីនិងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពស៊ីជម្រៅ ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា ភាគីចិនរីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសក្នុងតំបន់ ។
បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិបាននិងកំពុងកើតមានបម្រែបម្រួលដ៏ស្មុគស្មាញ ប្រទេសមួយចំនួនតូចបានញុះញង់ឱ្យកាត់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ហើយធ្វើបដិបក្ខគ្នាតាមក្រុម ការពារនិយមបានងើបឡើងវិញនៅទូទាំងពិភពលោក។ ក្រោមបរិបទបែបនេះ ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានមានភាពកាន់តែរឹងមាំ?មូលហេតុសំខាន់គឺដោយមកពីប្រទេសនានាសុទ្ធតែមានគោលបំណងរួមស្តីពីការទទួលការអភិវឌ្ឍនិងស្តារឡើងវិញនិងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អ ។
ក្នុងនាមជាប្រទេសជិតខាង សេដ្ឋកិច្ចចិននិងអាស៊ានមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយមានឧត្តមភាពធម្មជាតិក្នុងការបង្កើតខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែមានលក្ខខណ្ឌក្នុងការសម្រេចបាននូវការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ដែលកិច្ចប្រជុំកំពូលអាស៊ានលើកនេះទទួលបានគឺថ្នាក់ដឹកនាំចិននិងប្រទេសអាស៊ាន១០បានប្រកាសពីការបញ្ចប់ការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ3.0 ហើយត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅឆ្នាំ២០២៥ ។
ការលើកកម្ពស់លំដាប់ថ្នាក់នេះគ្របដណ្តប់វិស័យចំនួន៩ ដែលមិនត្រឹមតែពាក់ព័ន្ធដល់វិស័យដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធដល់វិស័យងើបឡើងថ្មីដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ របៀបវារៈគយនិងភាពងាយស្រួលខាងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាខាងសេដ្ឋកិច្ចជាដើម។ លទ្ធផលជាផ្លែផ្កាដ៏សំខាន់នេះបានផ្តល់ការធានាខាងប្រព័ន្ធរបបដល់ការរួមគ្នាកសាងទីផ្សារដ៏ធំធេងរបស់ភាគីទាំងពីរ ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែខ្លាំងក្លានិងយូរអង្វែងដល់ការអភិវឌ្ឍរបស់ភាគីទាំងពីរ ។
ចិននិងអាស៊ានមានចំនួនប្រជាជនសរុបលើសពី២ពាន់លាននាក់ ត្រូវជា១ភាគ៤នៃចំនួនប្រជាជនពិភពលោក ។ ទីផ្សារដ៏ធំធេងទាំងពីរនេះពួតដៃគ្នា នឹងនាំឱ្យការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់មានកម្រិតកាន់តែខ្ពស់ ហើយមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកលក៏នឹងមានភាពកាន់តែរឹងមាំផងដែរ ។
មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា នៅពេលមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកនេះ បានលេចចេញសំឡេងថ្លង់និងការរំខានមួយចំនួន ។
ឧទាហរណ៍ដូចជា មានអ្នកនយោបាយជប៉ុនបានលើកឡើងអ្វីដែលហៅថា គំនិតស្តីពីការបង្កើត“អង្គការណាតូ”នៅអាស៊ី” និងសហរដ្ឋអាមេរិកនិងហ្វីលីពីនប៉ុនប៉ងបង្កទំនាស់និងការបដិបក្ខគ្នាដោយយកបញ្ហាសមុទ្រចិនខាងត្បូងធ្វើជាលេសក្នុងកិច្ចប្រជុំកំពូល ។ នេះបានល្មើសនឹងគោលបំណងរបស់អាស៊ានស្តីពីការគាំពារការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់ ហើយរងការរិះគន់និងប្រឆាំងយ៉ាងទូលំទូលាយ ។
មជ្ឈដ្ឋានមតិសាធារណៈយល់ឃើញថា ប្រទេសអាស៊ានបានរក្សាការប្រុងប្រយ័ត្នជាទូទៅចំពោះកម្លាំងក្រៅតំបន់ដែលញុះញង់ឱ្យមានការបដិបក្ខគ្នាក្នុងតំបន់ ដែលមិនរីករាយជ្រើសរើសការឈរនៅជាមួយម្ខាងណាមួយទេ ហើយក៏មិនរំពឹងទុកបញ្ហាសមុទ្រចិនខាងត្បូងរំខាននិងបំផ្លាញស្ថានការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែរ ។
គំនិតឯកភាពរួមនិងលទ្ធផលជាផ្លែផ្កាពាក់ព័ន្ធបានបង្ហាញម្តងទៀតថា ការស្វែងរកសន្តិភាពនិងជំរុញការអភិវឌ្ឍទើបជាតម្រូវការនិងសំណូមពរជាបន្ទាន់របស់ប្រទេសក្នុងតំបន់ ទង្វើនិងពាក្យសម្តីដែលបង្ករឿងហេតុទាំងនោះគឺមិនត្រូវបានស្វាគមន៍ទេ ។ លុបបំបាត់ចោលសំឡេងថ្លង់និងការរំខាន ផ្តោតលើផលប្រយោជន៍រួម និងដោះស្រាយការវិវាទឱ្យបានសមរម្យ បទពិសោធន៍ដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននឹងបំផុសគំនិតបណ្តាប្រទេសនានាឱ្យយកទៅសិក្សារៀនសូត្រ៕