ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីឲ្យវិស័យធានារ៉ាប់រង នៅកម្ពុជា បាននឹង កំពុងមានការវិវឌ្ឍន៍ គួរឲ្យកត់សម្គាល់ ក្នុងពេល ដែលសាធារណជន កាន់តែច្រើនក៏បាន បង្ហាញការ ចាប់ អារម្មណ៍ និងចង់ស្វែងយល់ អំពីអត្ថប្រយោជន៍ទាក់ទង ការធានារ៉ាប់រង។

នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីផ្ដល់ជាជំនួយស្មារតី ដល់ការសរសេរអត្ថបទនិងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ សម្រាប់អង្គភាពសារព័ត៌មានប្រមាណជា ៤០ ស្ថាប័នជាង ១០០នាក់ដែលបានចូលរួម។

ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នេះមានការអញ្ជើញ ចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិប អ្នក កាសែតកម្ពុជា (ក.អ.ក) លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគម ធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ចូលខ្លួនមកជជែកពិភាក្សាលើប្រធានបទស្ថិរភាពវិស័យធានារ៉ាប់រង និងការរួមចំណែកដល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមនៅកម្ពុជា។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាថ្លែងក្នុងវេទិកាចែករំលែកព័ត៌មាន អំពី”បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា” ថា :
វិស័យធានារ៉ាប់រង ជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យ ជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា និងជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាម“យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស មុំ ទី៥ ដែលសំដៅលើ “ការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ឱ្យកាន់តែមានស័ក្ដិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាបន្ន, ពិពិធភាព និង ភាពទំនើបតាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាពស្ថាប័ន និងអក្ខរកម្មហិរញ្ញវត្ថុ និង លើកស្ទួយឌីជីថលភាវូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយសម្រេចបានកំណើនទីផ្សារធានារ៉ាប់រងក្នុងអត្រាជាមធ្យមប្រមាណ២០% ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ។

សម្រាប់ឆ្នាំ២០២៤ ទំហំទីផ្សារកើនឡើងដល់ប្រមាណ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ១,២ ប៊ីលានដុល្លារអាម៉េរិក, និងមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨,ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។

ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀតផងដែរ រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤។ ទីផ្សារធានារ៉ាប់រងកម្ពុជាមានផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ ដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងវិស្វកម្ម ធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចលើយានយន្ត, ការដឹកជញ្ជូនអ្នកដំណើរ, និងការដ្ឋាន ជាដើម រហូតដល់មានធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។

ផលិតផលទាំងនេះ ត្រូវបានចែកចាយផ្ទាល់តាមរយៈបុគ្គលិកក្រុមហ៊ុនគ្រប់សាខា ជើងសារធានារ៉ាប់រងភ្នាក់ងារធានារ៉ាប់រងទាំងរូបវន្តបុគ្គល និងនីតិបុគ្គលមានដូចជា ធនាគារ ជាដើម។

គួររំលឹកថា វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» បាននិងកំពុងជំរុញឱ្យអ្នកសារព័ត៌មានដើរតួនាទីសំខាន់មួយក្នុងការផ្ដល់សារត្រឹមត្រូវ និងផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍វិស័យរ៉ាប់រងនៅកម្ពុជាដែលជាឆ្អឹងខ្នងមួយសម្រាប់ជួយសេដ្ឋកិច្ច និងសង្គមជាតិ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed