ខេត្តតាកែវ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៥ ខែមិថុនា បានចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តតាកែវ ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងមានការចូលរួមពីលោក ម៉ម កាយ អភិបាលរងខេត្តតាកែវ។
ការចុះផ្សព្វផ្សាយ “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់សាធារណជន អំពីសារប្រយោជន៍នៃការធានារ៉ាប់រង ប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់ង និងតួនា ទីរបស់ ន.ធ.ក. ក្នុងការផ្សះផ្សាវិវាទធានារ៉ាប់រង ក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាននិងកំពុងដើរតួនាទី ជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ នៅក្នុងប្រទេសកម្ពុជា វិស័យធានារ៉ាប់រងត្រូវបានចាប់កំណើតតាំងពីគ.ស.១៩៥៦ តែត្រូវបិទទ្វារដូចវិស័យដទៃទៀត ដោយសារ របបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងគ.ស.១៩៧៥។ រហូតមកចុងទសវត្សទី៨០ វិស័យធានារ៉ាប់រង បានចាប់កំណើតសាជាថ្មី ដើម្បីបំពេញតម្រូវការជាអាទិភាពនៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិជាមួយ បណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្តើមបញ្ជាបចូលក្នុងសង្គមកម្ពុជាបន្តិចម្តងៗ រហូតមកដល់សព្វថ្ងៃ។
លោក ប៊ូ ច័ន្ទភីរូ បានអះអាងថា ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានការអភិវឌ្ឍ និងមានការវិវត្តជាដំណាក់កាល ដែលនៅដំណាក់កាលដំបូងចាប់ពីគ.ស.២០០០ ដល់គ.ស.២០០២ មានតែវត្តមាន ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋតែមួយគត់ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។ ចាប់ពីគ.ស.២០០៣ រហូតមក ដល់បច្ចុប្បន្ន ទើបមានវត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាបន្តបន្ទាប់។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលគិតត្រឹមបច្ចុប្បន្នមាន ក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះ គិតត្រឹមគ.ស.២០២៤ ទំហំបុព្វលាភដុលមានជាង ៣៧០ លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបមាន ជាង ១.២ ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែប មានជាអាទិ៍៖ ផលិតផលធានារ៉ាប់រង អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ផងដែរថា វិស័យធានារ៉ាប់រង បានចូលរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ១.១៧% ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង ក្នុងគ.ស.២០២៤ បានកើន ២២.៣៣ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។
តាមរយៈការផ្សព្វផ្សាយនេះ សិក្ខាកាមទាំងអស់ បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ជាពិសេស ការគិតគូរ និងយកចិត្តទុកដាក់ និងការការពារចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈការបង្កើតឱ្យមាននូវយន្តការផ្សះផ្សាវិវាទ ដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុ ញ ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព៕








