ខេត្តស្ទឹងត្រែង ៖ ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិសម្រេចតែងតាំង លោក ឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជំនួសលោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលត្រូវទៅទទួលភារកិច្ចថ្មី។
បន្ទាប់ពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះគឺ ៖
១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន។
២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ។
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និង៤- ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។
នៅក្នុងឱកាសននេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ៕ដោយ: កុលសារ័ត្ន
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ