ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃការិយាល័យនគរបាលរាជធានីភ្នំពេញ បានអនុវត្តការចុះអប់រំ និងណែនាំដល់ម្ចាស់ហាងអាជីវកម្មមួយចំនួន ដែលដំណើរការនៅតាមបណ្តោយផ្លូវលេខ៥៩២ កែងផ្លូវលេខ៣១៣ និងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក។

ការចុះអប់រំនេះ ធ្វើឡើងក្រោមការដឹកនាំ និងគោរពតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
គោលបំណងនៃការចុះអប់រំនោះ គឺដើម្បីជំរុញឲ្យមានការរៀបចំការចតយានយន្តអោយមានរបៀបប្រកបដោយសណ្តាប់ធ្នាប់ និងមិនរំខានដល់អ្នកថ្មើរជើង។

កម្លាំងនគរបាលបានណែនាំឲ្យម្ចាស់ហាងទុកចិញ្ចើមផ្លូវមួយភាគបី សម្រាប់អោយអ្នកថ្មើរជើងប្រើប្រាស់បានដោយសុវត្ថិភាព និងអាចជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព។

អ្នកបើកបរទាំងអស់គួរតែផ្តល់អាទិភាពដល់យានយន្តកំពុងធ្វើដំណើរនៅលើផ្លូវស្របទិស និងគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញនឹងបន្តការចុះត្រួតពិនិត្យ និងអប់រំជាបន្តបន្ទាប់ ដោយសង្កត់ធ្ងន់លើការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងពង្រឹងវិន័យសាធារណៈនៅក្នុងទីក្រុងភ្នំពេញ៕N7
ប្រភពស្នងការនគរបាលរាជធានីភ្នំពេញ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed