ខេត្តបាត់ដំបង : នៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្ដាញធំបំផុតលំដាប់ទី២ ផ្អែកលើសាខាប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនាថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង របស់ ធនាគារ ហត្ថា សរុបប្រមាណ ៥០០នាក់។

កម្មវិធីមហាសន្និបាតប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែល ធនាគារ ហត្ថា សម្រេចបាននៅឆ្នាំ២០២២ ដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំ រហូតសម្រេចបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ស្ថាប័ន។ ទន្ទឹមគ្នានេះដែរ កម្មវិធីនេះមានគោលបំណងក្នុងការរៀបចំជាវេទិកាមួយដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ ធនាគារ ហត្ថា អាចជួបជុំសំណេះសំណាលក្រោមបរិយាកាសប្រកបដោយភាពសោមនស្សរីករាយ ដើម្បីបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារ ធនាគារ ហត្ថា ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការក្នុងឆ្នាំថ្មី។

ថ្លែងក្នុងកម្មវិធីមហាសន្និបាតលើកទី២៥នេះ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែល មហាគ្រួសារ ធនាគារ ហត្ថា យើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមាន ការដាក់ចេញនូវផលិតផលថ្មីៗដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ការបន្តសហការជាមួយដៃគូអាជីវកម្ម និងពិសេសបំផុតគឺការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើប និងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត។»

ក្រៅពីសមិទ្ធផលខាងលើ ធនាគារ ហត្ថា បានសម្រេចនូវលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមាន ប្រាក់ចំណេញសុទ្ធចំនួន ៧៣,៣៧៦ លានដុល្លារអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុប ១.៣៣១ លានដុល្លារអាមេរិក និងសំពាធឥណទាន ១.៩៣៦លាន ដុល្លារអាមេរិក។

លោក ឧកញ៉ា ហួត អៀងតុង បានបន្តថា៖ «ឆ្នាំ២០២២ កន្លងមកនេះ ចាត់ទុកថាជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្មរបស់ ធនាគារ ហត្ថា ហើយក៏ជាឆ្នាំដែលយើងទទួលបានបទពិសោធល្អៗជាច្រើន ដែលផ្ដល់នូវមេរៀន និងនាវានុវត្តន៍ថ្មីៗ ដើម្បីបន្តពង្រឹង និងពង្រីកអាជីវកម្មរបស់យើងឆ្ពោះទៅរកភាពថ្កុំថ្កើង និងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព។»

ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងអស់នេះបានលេចចេញជាផ្លែផ្កា កំឡុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមបណ្ដាលពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ដូចជាការយាយីមកលើខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោកពីសំណាក់មេរោគកូវីដបំប្លែងថ្មី ទន្ទឹមពេលដែលវិស័យសំខាន់ៗទូទាំងពិភពលោកបាននិងកំពុងត្រូវបានស្រោចស្រង់ពីវិបត្តិកូវីដដ៏វែងអន្លាយ។ នេះសរបញ្ជាក់ឱ្យឃើញពីភាពឈ្លាសវៃនៃការដឹកនាំត្រួសត្រាយផ្លូវប្រកបដោយថាមវន្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ ហត្ថា ការសាមគ្គីជាធ្លុងមួយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់ ធនាគារ ហត្ថា ក្នុងនាមជាធនាគារចាស់ទុំ និងឈានមុខគេមួយរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងនៅតែមានសុទិដ្ឋិនិយមខ្ពស់ថាសមិទ្ធផលជាច្រើននឹងកើតឡើងក្នុងឆ្នាំថ្មីនេះ ហើយយើងទាំងអស់គ្នាប្រាកដជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការងាររបស់ខ្លួនដោយភាពអង់អាច ការប្តេជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនអាជីវកម្មរបស់យើង ឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ហើយនឹងនាំមកនូវភាពរុងរឿង កេរ្តិ៍ឈ្មោះល្បាញល្បី ភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព ជូនដល់ធនាគារ ហត្ថា ដើម្បីសាងអនាគតដ៏ប្រសើរ។»

អំពី ធនាគារ ហត្ថា ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំ។ គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៤៣ កន្លែង មានអតិថិជន បើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង ១.២ ពាន់លានដុល្លារអាមេរិក៕
https://t.me/+cYqQWKH24_I5ZjE1

raksmeynews

https://www.rmn.asia

fastnewraksmey

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed