រាជធានីភ្នំពេញ : ទោះបីមានសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយយ៉ាងណាក៏ដោយ ទីតាំងល្បែងស៊ីសង(អាប៉ោង)កំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាកយីហោ{លាងឡានថ្មីជានិច្ច}ស្ថិតតាមបណ្ដោយផ្លូវលេខ៧៥ ក្នុងភូមិទី៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធាភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប ។
តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងស៊ីសង អាប៉ោង មួយកន្លែងតាមបណ្ដោយផ្លូវលេខ៧៥ ភូមិទី៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមផ្លាកយីហោឈ្មោះ{លាងឡានថ្មីជានិច្ច}ក្នុងភូមិទី៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ហើយទីតាំងខាងលើនេះ ទោះបីអ្នកសារព័ត៌មាន ធ្លាប់បានផ្ដល់ព័ត៌មានទៅអាជ្ញាធរនឹងធ្វើការចុះផ្សាយព័ត៌មានជាហូរហែរ ហើយអាជ្ញាធរមូលដ្ឋាន ក៍ធ្លាប់ចុះបង្ក្រាបណែនាំ ក៏ដូចធ្វើកិច្ចសន្យាដែរ តែហេតុអ្វីនៅតែបើកបានដដែល នេះប្រហែលជាមានមន្តអាគមសណ្ដំអីហើយមើលទៅ? បានជាទីតាំងខាងលើ អាចបើកដំណើរការបានយ៉ាងរលូនយ៉ាងដូច្នេះ?
បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន!
ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ សូមសំណូមពរដល់ លោកវីរៈសេនីយ៍ឯក ទៀង ច័្ទនសារ អធិការនគរបាលខណ្ឌដូនពេញ មេត្តាចាត់កម្លាំងជំនាញ ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែង(អាប៉ោង)និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧៥ ភូមិទី៩ សង្កាត់ស្រះចក ដើម្បីចុះធ្វើការបង្រ្កាបផង ។
ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធនិងគ្រប់ភាគីទាំងអស់ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222



