ខេត្តតាកែវ : មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែមួយកន្លែងក្នុងភូមិចកឃុំត្រពាំងសាប ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះឡើយ។

ជារៀងរាល់ថ្ងៃគេសង្កេតឃើញថាអ្នកលេងនឹងអ្នកចាក់ល្បែងមាន់ជល់អនឡាញមួយកន្លែងខាងលើនេះ ហាក់បីដូចជាមិនខ្លាចក្រែងនិងអាជ្ញាធរសមត្ថកិច្ចទាល់តែសោះ! ម្នាក់ៗលេងឬក៏ចាក់ល្បែងមាន់ជល់អនឡាញ ចាក់ភ្នាល់ដោយសេរី មិនខ្លាចពីការបង្ក្រាបរបស់សមត្ថកិច្ច អាជ្ញាធរ ឬក៏ហៅថាខ្លាចច្បាប់។

ទីតាំង​ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

ក្នុងករណីខាងលើនេះដែល ការិយាល័យនិពន្ធសារព័ត៌មាន រស្មីញ៉ូស៍ បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅលោកវីរៈសេនីយ៍ត្រី ម៉ាន់ ទូច នាយប៉ុស្តិ៍នគរបាលឃុំត្រពាំងសាប លោកមិនបានចូលមើលនិងឆ្លើយតបឡើយ ចំណែកឯ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី លោកបានឆ្លើយតបយ៉ាងខ្លីតាមប្រព័ន្ធតេឡេកាមកវិញថា “បាទអរគុណច្រើន”។

បើតាមជំពូកទី ៣ ស្ដីពីបទល្មើសល្បែងស៊ីសង ទោសប្បញ្ញត្តិ – មាត្រា ៤ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល( ១០.០០០៛០០ )ដល់ប្រាំម៉ឺនរៀល ៥០.០០០៛០០ ឬដាក់គុកពីមួយសប្ដាហ៍ដល់មួយខែ ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ( ៥០.០០០៛០០ )ដល់ប្រាំសែនរៀល( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។

  • មាត្រា ៥.ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ( ៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់( ២០.០០០.០០០៛០០)ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
  • មាត្រា៦ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
  • មាត្រា ៧.ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែងនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួលភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូសហើយ ធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។
    វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានសូមនូមពរទៅដល់ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាពិសេស លោកឧត្តមសេនីយ៍ទោ មែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកវរ:សេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី ចាត់កម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតនិងបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងភូមិចក ឃុំត្រពាំងសាប ដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed