ភ្នំពេញ : មន្ត្រីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ខណៈល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង បានកំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេង ពេញក្រុងភ្នំពេញ ប៉ុន្តែបែរជាអាជ្ញាធរដូចជាធ្វើមើលមិនឃើញធ្វើមើលមិនដឹង។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ ទីតាំងផ្ទះលេខ៨A ផ្លូវ១០៩ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ដែលមានម្ចាស់ជាជនជាតិចិន និងទីតាំងជ្រកក្រោមផ្លាកយីហោកាហ្វេភូមិយើង បុរីឈូកវ៉ា២ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការល្បែងស៊ីសងខុសច្បាប់ «ប្រភេទអនឡាញ» ដោយមានអ្នកញៀនល្បែង ចេញចូលយ៉ាងសស្រាក់សស្រាំ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា «ទីតាំង ផ្ទះខាងលើ ទល់មុខព្រលានយន្តហោះពោចិនតុងផ្លូវលេខ១០៩ នេះភាគច្រើន ជាអ្នករត់តាក់ស៊ីចាំទទួលម៉ូយចេញមកពីព្រលានយន្តហោះ ចេញចូលយ៉ាងសស្រាក់សស្រាំ ចតរថយន្តនៅតាមបណ្ដោយផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ នៅបន្តមានវត្តមាន ស្របពេលមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនព្រមអើពើក្នុងការបង្ក្រាប ឬទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋសូមសំណូមពរទៅកាន់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕





