រាជធានីភ្នំពេញ : ទីតាំងបើកល្បែងស៊ីសងខុសច្បាប់មានអាប៉ោង យូគីចេញតាមប្រអប់ប្រេងកូឡា នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ ដែលគេដឹងថាជារបស់លោកខ្លា ហើយដែលធ្លាប់មានសកម្មភាពយ៉ាងរលូនជាយូរមកហើយ ត្រូវបានអាជ្ញាធរ ខណ្ឌឬស្សីកែវ ចុះបង្ក្រាបហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីសារព័ត៌មានយើងបានចុះផ្សាយ២លើកជាបន្តបន្ទាប់រួចមក។
តាមព័ត៌មានពីរ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវតាមតេឡេក្រាមបានឲ្យដឹងថា : លោកបានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការចុះបង្ក្រាបបនល្បែង របស់លោកខ្លានេះហើយ ។
បើតាមការបញ្ជាក់របស់លោកអនុសេនីយ៍ឯក នង សាប៊ុង ដែលជាមេប៉ុស្តិ៍នគរបាលទូលសង្កែទី១ ប្រាប់អ្នកសារព័ត៌មានយើង តាមរយៈតេឡេក្រាមឲ្យដឹងថា : សាលាខណ្ឌបានធ្វើការបង្ក្រាបដេញចាប់រត់ជាន់គ្នាអស់ហើយ ។
លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងទៀតថា ក្រោយពីសាលាខណ្ឌបង្ក្រាបទីតាំងខាងលើហើយលោកបានទៅមើលដល់កន្លែងទីតាំងល្បែងស៊ីសងនោះមិនមានការលេងទៀតទេ នេះបើតាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍។
សូមបញ្ជាក់ផងដែរថា ពេលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមកដល់ក្រុមអ្នកញៀនល្បែងនិងមេបនល្បែងបានរត់ចែកជើងគ្នាបាត់ស្រមោលអស់រលីង នៅសល់តែអ្នកឈរមើលមានស្ត្រីចាស់និងកូនក្មេងតែប៉ុណ្ណោះ ។
លោកអភិបាលខណ្ឌបានបញ្ជាឱ្យធ្វើការណែនាំ និងអប់រំអ្នកនៅទីនោះឲ្យឈប់ប្រព្រឹត្តការលេងល្បែងស៊ីសងតទៅទៀតព្រោះល្បែងសុីសងជាមាតានៃអំពើចោរកម្ម ហើយល្បែងសងក៏នាំមកនូវក្ដីវិនាសអន្តរាយទ្រព្យសម្បត្តិផងដែរ ៕ដោយអក្ខរា៣០