ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ — ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បាននាំយកស្បៀង រួមមាន បន្លែ ត្រី និងសាច់ ទៅសួរសុខទុក្ខជនភៀសសឹកចំនួន ៨៨គ្រួសារ ពីសមរភូមិមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅមណ្ឌលជនភៀសសឹក ខេត្តស្ទឹងត្រែង។

អភិបាលខេត្តបានឲ្យដឹងថា ស្ថានភាពសង្គ្រាមបានបង្កមហន្តរាយដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធ្វើឲ្យបងប្អូនជាច្រើនត្រូវចាកចេញពីផ្ទះសម្បែងដោយមិនអាចយកអ្វីបាន។ ក្នុងការឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារ និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជិតស្និទ្ធក្នុងការផ្តល់ជំនួយ សុវត្ថិភាព ការស្នាក់នៅ ការថែទាំសុខភាព និងការអប់រំដល់ជនភៀសសឹកទាំងអស់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើនបានបរិច្ចាគសម្ភារៈ ស្បៀង ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគជាច្រើន ដើម្បីជួយដល់កងទ័ព និងបងប្អូនដែលកំពុងជួបការលំបាក។

អភិបាលខេត្តស្ទឹងត្រែងក៏បានអំពាវនាវឲ្យឪពុកម្តាយណែនាំកូនៗចូលរៀននៅសាលាជិតមណ្ឌលជនភៀសសឹកជាបណ្តោះអាសន្ន តាមការសម្របសម្រួលរបស់អភិបាលខេត្តស្ទឹងត្រែង និងព្រះវិហារ។ ក្នុងពេលដូចគ្នា គេក៏បានបញ្ជាឲ្យមន្ទីរសុខាភិបាលរៀបចំសេវាថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ដែលជាជនភៀសសឹកផងដែរ។

ឯកឧត្តម សរ សុពុត្រា បានផ្តល់ការធានាថា បងប្អូនជនភៀសសឹកទាំងអស់មានសុវត្ថិភាព និងទទួលបានការថែទាំយ៉ាងកក់ក្តៅ ពីអាជ្ញាធរខេត្ត ស្រុក ក្រុង ដោយគ្មានអ្នកណាអាចប៉ះពាល់បានឡើយ៕អត្ថបទ N7
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *