ខេត្តបន្ទាយមានជ័យ ៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន ៤២ និងអង្គការអន្តរជាតិចំនួន ២០ បានចុះទៅត្រួតពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។

ការទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឲ្យតំណាងអង្គការអន្តរជាតិ និងគណៈប្រតិភូទូតបានឃើញជាក់ស្តែងអំពីសកម្មភាពរាយបន្លាលួស សំណាញ់ រនាំង និងការដាក់កង់ឡាន ដែលយោធាថៃបានអនុវត្តជាឯកតោភាគី។

បេសកកម្មនេះ គឺបន្ទាប់ពីការបង្ហាញព័ត៌មានអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ហាមីន ដែលឯកឧត្តម ប្រាក់ សុខុន បានធ្វើជូនបណ្តាអង្គការអន្តរជាតិ និងគណៈប្រតិភូទូតនៅរសៀលថ្ងៃទី ២១ ខែសីហា ២០២៥។

ត្រូវរំលឹកថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី ២៨ ខែកក្កដា ២០២៥ បន្ទាប់ពីកងទ័ពទាំងពីរបានប្រយុទ្ធគ្នារយៈពេល ៥ ថ្ងៃ នៅតាមព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារភាគីថៃបំពានលើដែនអធិបតេយ្យ និងបើកការវាយប្រហារមុន។

ក្រោយមក នៅថ្ងៃទី ៧ ខែសីហា ២០២៥ ភាគីទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀង ១៣ ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់ និងស្វែងរកដំណោះស្រាយសន្តិវិធីជាដំណាក់កាល៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *