ភ្នំពេញ : កាលពីនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី អុឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា តំណាងលោកសក់ច័ន្ទកញ្ញារិទ្ធអភិបាលនៃគណ:អភិបាលខណ្ឌ និងជា ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងក្រុមការងារខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក សុទ្ធសុជាតិ ចៅសង្កាត់រងទី១ រួមទាំងក្រុមការងារបានចុះសួរសុខទុក្ខកុមារីឈ្មោះ មាស ស្រីមាន អាយុ ១២ ឆ្នាំ ដែលមានជំងឺបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅបន្ទប់ជួល ម្តាយឈ្មោះ សឿន សាំងលី អាយុ ៤៣ ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីជើង១ នឹងបាននាំយកគ្រឿងឧបភោគ បងរិភោគ មួយចំនួននិងថវិកាចំនួន ១.០០០.០០០៛ (មួយលានរៀល)។
សូមជម្រាបផងដែរថា បងស្រី សឿន សាំលី មានកូនស្រីចំនួនពីរនាក់ និងប្ដី សតិមិនសូវគ្រប់ នៅក្នុងបន្ទុក កូនស្រីច្បងមានជំងឺសម្ពាធសរសៃបេះដូង បានធ្វើការវះកាត់ចំនួនពីរដងរួចមកហើយនៅមន្ទីរពេទ្យ ។
ប្អូនស្រីមានជំងឺសម្ពាធសរសៃបេះដូងមានឈ្មោះ មាស ស្រីមាន អាយុ ១២ឆ្នាំ បច្ចុប្បន្នប្អូនស្រីមានអាការៈធ្វើទុក្ខពីមួយថ្ងៃទៅមួយថ្ងៃ បានសុំអំពាវនាវ សូមឱ្យសប្បុរសជននិងអង្គការជួយដល់ក្រុមគ្រួសារគាត់ផង។
ដោយឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានមានទុក្ខលំបាក កូនបងស្រី សឿន សាំងលី ដែលមានជំងឺសម្ពាធសរសៃបេះដូង ដោយគ្មានថវិកាដើម្បីយកទៅព្យាបាល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនព្រងើយកន្តើយឡើយ។
នាឱកាសនោះ លោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារបងស្រី ព្រមទាំងសូមលេីកទឹកចិត្តកុំមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យបានប្រសេីរឡេីង ជាពិសេសបន្តយកចិត្តទុកដាក់មេីលថែព្យាបាលជំងឺកូនស្រី ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ។
គួររំលឹកផងដែរថា អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជួយឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតឈ្មោះ សឿន សាំងលី ម្ដងរួចមកហើយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ ទឹកផ្លែឈេី១កេស ទឹកសុទ្ធ១កេស មុង២ ភួយ២ កន្ទេល២ សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាដោយមានការចូលរួមពីសប្បុរសជនចំនួន១.០៦០.០០០រៀល ។នេះជាលើកទី២ហើយដែលអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យបានជួយដល់កុមារីដែលមានជំងឺបេះដូង ។
បងស្រី សឿន សាំលី ដែលជាម្ដាយរបស់ក្មេងស្រីមានជំងឺបេះដូង បានថ្លែងអំណរអរគុណដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជួយឧបត្ថម្ភជូនដល់បងស្រី ។
ហើយបងស្រីក៍បានជូនពរដល់ក្រុមការងារព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ