ភ្នំពេញ៖ ដ្បិតវេលាកន្លងទៅ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់វណ្ណៈនៅតែចងចាំព្រះភក្ត្រ ក៏ដូចជាវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ឥតបំភ្លេចបាន ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិក្នុងការទាម ទារឯករាជ្យភាពពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បើរម្លឹកត្រឡប់ទៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាវេលាដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ជួបប្រទេះនូវការបាត់បង់ដ៏ធំធេង ខណៈដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះអង្គបានយាងសោយទិវង្គត ដោយព្រះជរាពាធ នៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
ស្ថិតក្នុងសម្លៀកបំពាក់កីឡាកំពុងដើរហាត់ប្រាណជាមួយកូនប្រុសក្បែរមណ្ឌលព្រះបរមរតនកោដ្ឋ អ្នកស្រី ខូវ ខាល័ង ប្រាប់ឱ្យដឹងថា ទោះបីព្រះបរមរតនកោដ្ឋបានឃ្លាតឆ្ងាយទៅកាន់ឋានសួគ៌អស់កាល១២ឆ្នាំក៏ដោយ ប៉ុន្តែព្រះភក្ត្រព្រះអង្គនៅតែដិតដាមក្នុងការចងចាំរបស់អ្នកស្រីជានិច្ច។
ចំណែកពលរដ្ឋម្នាក់ទៀតដែលមានមុខរបរជាអ្នកលក់ដូង លោក ស៊ុម ណី បានរៀបរាប់ឱ្យដឹងថា លោកតែងរុញរទេះផ្លែដូងមកឈប់សំចតលក់ក្បែរៗមណ្ឌលព្រះបរមរតនកោដ្ឋ។ ឆ្លើយតបនឹងសំណួរសួរថាតើលោកចាំដែរទេថាថ្ងៃទី១៥ ខែតុលានេះជាថ្ងៃអ្វី?
បុរសរូបនេះតបដោយឥតស្ទាក់ស្ទើរភ្លាមៗថា ជាថ្ងៃដែល«ព្រះបរមរតនកោដ្ឋសោយទិវង្គត»។
រីឯយុវជន ហ៊ុត ដាវ័ន្ត និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យន័រតុន ផ្នែកវិស្វករ ប្រាប់ថា ខ្លួនពិតជាគោរពស្រឡាញ់ព្រះបរមរតនកោដ្ឋណាស់ ពិសេសវីរភាពរបស់ព្រះអង្គក្នុងការទាម ទារឯករាជ្យភាពពីនឹមអាណានិគមនិយមបារាំង។
ទាក់ទិននឹងវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា «ព្រះបរមរតនកោដ្ឋ» នៅតែជាតួអង្គយ៉ាងសំខាន់ដែលឋិតនៅក្នុងដួងចិត្តរបស់ប្រជារាស្ត្រ។
សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ រូបនេះបញ្ជាក់ថា កត្តាដែលធ្វើឱ្យព្រះបរមរតនកោដ្ឋក្លាយជាវីរក្សត្រដែលទទួលបានក្តីស្រឡាញ់យ៉ាងបរិបូរណ៍ពីប្រជាជនទូទាំងប្រទេស ព្រោះព្រះអង្គមានភាពប៉ិនប្រសប់ក្នុងកិច្ចនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបេសកម្មទាមទារឯករាជ្យពីបារាំងដែលបានធ្វើឱ្យកម្ពុជាទទួលបានភាពសុះសាយលើសកលលោក។
សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។
ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ឆ្នាំនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រក្នុងទូទាំងប្រទេសនឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់១២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅខាងកើតវិមានឯករាជ្យ។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍន៍លើគ្រប់វិស័យ៕