ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចសម្រេចពន្យារពេលធ្វើសមាជរបស់ខ្លួនទៅដើមខែកុម្ភៈវិញ ដោយថាប្រធានស្ដីទី និងសមាជិកគណបក្សបច្ចុប្បន្នមានការរវល់ច្រើនចុះពង្រឹងនៅថ្នាក់មូលដ្ឋាន។
តាមគម្រោងពីខែធ្នូ គណបក្សហ៊្វុនស៊ិនប៉ិចគ្រោងធ្វើសមាជនៅចុងខែមករានេះដើម្បីជ្រើសរើសប្រធានថ្មីរបស់គណបក្ស។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានប្រាប់ EAC News ថាមិនមានបញ្ហាអ្វីនោះទេទាក់ទងនឹងការពន្យារនេះ។ លោកបញ្ជាក់ថា ផ្ទៃក្នុងគណបក្សក៏បានព្រមព្រៀងក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សស្របតាមលក្ខន្ដិកៈដែលបានតម្កល់រួចហើយ រង់ចាំតែថ្ងៃធ្វើសមាជប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អត់អីទេ! ដូចជាមិនសូវប្រញាប់ទេ។ ព្រោះក្នុងក្នុងលក្ខន្តិកៈបក្សទុកពេលរហូតដល់ ៩០ថ្ងៃ ដើម្បីឲ្យគណបក្សរៀបចំប្រធានថ្មី» ។
លោកបញ្ជាក់ថា ក្នុងសមាជនៅដើមខែកុម្ភៈខាងមុខក្រៅពីសម្រេចលើការជ្រើសរើសព្រះអង្គម្ចាស់ នរោតត្តម ចក្រាវុធ ជាប្រធានបក្សហើយ សមាជនឹងដាក់គោលដៅក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិឆ្នាំ២០២២ រួមទាំងការកំណត់គោលនយោបាយសម្រាប់ការប្រកូតប្រជែងផងដែរ។
អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិចសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ បានសោយទិវង្គតក្នុងជន្មាយុ៧៧រស្សានៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយទិវង្គតរបស់ព្រះអង្គគណបក្សហ៊្វុនស៊ិនប៉ិចបានប្រកាសត្រៀមរៀបចំសមាជរើសប្រធានថ្មីជាផ្លូវការ ខណៈមានការចម្រូងចម្រាសមួយចំនួនរវាងក្រុមអ្នកមិនគាំទ្របេក្ខភាពព្រះអង្គម្ចាស់ចក្រាវុធ និងអ្នកគាំទ្រ។
កាលពីថ្ងៃទី២០ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ព្រះអង្គម្ចាស់ ចក្រាវុធ ធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សមុននឹងរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនថ្មីនៃគណបក្សនេះ៕