ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលសាលាខណ្ឌពោធិ៍សែនជ័យ បានប្រព្រឹត្តទៅនូវវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្តីពីនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងការធ្វើបច្ចុប្បន្នភាពគ្រួសារផុតសុពលភាព តាមរយៈកម្មវិធី IDPoor App Version 2។
កម្មវិធីបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ផុន សុផាន អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រុមការងារចុះកំណត់អត្តសញ្ញាណកម្មគ្រួសារ មន្ត្រីជាប់ពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ផ្សេងៗ។
ក្នុងឱកាសនេះ លោក អភិបាលរង បានរំលឹកដល់អនុវត្តន៍ក្រុមការងារថា ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវអនុវត្តដោយសុចរិតភាព មានភាពត្រឹមត្រូវ បើកចំហ និងមានការចូលរួមពីសាធារណជន ពិសេសគួរត្រូវធានាថាគ្រួសារដែលមានសិទ្ធិសមរម្យ ត្រូវបានបញ្ចូលក្នុងបញ្ជីដោយឧបត្ថម្ភការរស់នៅពីរដ្ឋាភិបាល។
វគ្គបណ្ដុះបណ្ដាលនេះក៏បានផ្តោតលើការប្រើប្រាស់កម្មវិធី IDPoor App V.2 ដែលជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាព និងចុះកំណត់ព័ត៌មានគ្រួសារ ដោយផ្អែកលើបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព និងអាចប្រើប្រាស់បានយ៉ាងងាយស្រួលនៅមូលដ្ឋាន។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីធានាថា មន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ធ្វើការបញ្ជូល និងធ្វើបច្ចុប្បន្នភាពគ្រួសារ ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងគ្រប់លក្ខណៈបច្ចេកទេសបញ្ជាក់ដោយក្រសួងរៀបចំផែនការ។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាការពង្រឹងសមត្ថភាពសំខាន់មួយ ដើម្បីអភិវឌ្ឍប្រព័ន្ធសុខុមាលភាពសង្គម និងធានាការចែកចាយធនធានរបស់រដ្ឋឲ្យបានមានប្រសិទ្ធភាពទៅដល់គ្រួសារដែលពិតជាត្រូវការជាក់ស្ដែង ៕N7
ប្រភពពីសាលាខណ្ឌពោធិ៍សែនជ័យ















