ភ្នំពេញ : កាលពីព្រឹកថ្ងៃទី ១៦ ខែកញា ឆ្នាំ២០២៤ ក្លិប អ្នកកាសែតកម្ពុជា និងអង្គការ «KHANA» បានរៀបចំកម្មវិធី «វេទិកា ពិភាក្សា តុមូល ស្តីពី លេីកកម្ពស់ការយល់ដឹងអំពី ជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន ប្រមាណ៦៨នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៣ស្ថាប័ន ដែលមានវត្តចូលរួម មានពីសំណាក់ អ្នក សម្របសម្រួល លោក ឈឿន ឈុនណា មន្រ្តីទទួលបន្ទុកភាពជាដៃគូពហុវិស័យ (អង្គការ ខាន់ណា) លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ( CENAT) និង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាច្រេីនចូលរួម នៅសណ្ឋាគារលូវ៉ៃ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាឱកាសនេះ លោក វេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ពីបញ្ហាមួយចំនួនទាក់ទង នឹងជំងឺបេង ដោយប្រទេសកម្ពុជា ផែនការយុទ្ធសាស្ត្រជាតិកម្ពុជាដើម្បីបញ្ចប់ជំងឺរបេងក្នុងឆ្នាំ២០២០ _ ២០៣០ ក្នុងចក្ខុវិស័យ កម្ពុជាគ្មានជំងឺរបេង(សូន្យស្លាប់ សូន្យឈឺ និងគ្មានការឈឺចាប់ដោយសារជំងឺរបេង) ផែនការយុទ្ធសាស្ត្រជាតិកម្ពុជាដើម្បីបញ្ចប់ជំងឺរបេង ឆ្នាំ២០២១_២០៣០ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើវាឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ក្នុងគោលដៅ ដើម្បីកាត់បន្ថយ អត្រាកើតជំងឺរបេង តាមការប៉ាន់ប្រមាណ៨០%និងកាត់បន្ថយអត្រាមរណៈ៩០%នៅឆ្នាំ២០៣០ធៀបទៅនឹងឆ្នាំ២០១៥។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា របេងគឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជទេ។
ជំងឺរបេងបង្កឡើងដោយមេរោគរបេង រឺ បេកា (BK=Bacille deKoch) រឺ (MTB=Mycobcterium Tuberculosis)។លក្ខណៈរបស់វាគឺការកើតមានដំបៅនៅក្នុងជាលិកាដែលជាពិសេសនៅក្នុងសួត។
ក្នុងនោះផងដែរសមិទ្ធផលសំខាន់ៗដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង សម្រេចបាន អត្រាអ្នកស្លាប់សារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ ២០០០ មកត្រឹម២៣ករណី ក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ៤៥%។
អត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី៥៧៩ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០០០មកត្រឹម៣២០ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០២២ដែលស្មើនិងការធ្លាក់ចុះ៤៥%ផងដែរ។
ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កម្មវិធីជាតិកំចាត់រោគរបេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦%ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ៩០%។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទោះបីទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកម្ចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគត ពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅឆ្នាំ២០៣០៕