ខេត្តស្វាយរៀង : ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងអំឡុងពេលថ្មីៗនេះ ការដឹកជញ្ជូនសត្វគោឆ្លងដែនទៅប្រទេសវៀតណាម កំពុងក្លាយជាសកម្មភាពកើតមានជាប្រចាំ និងកាន់តែទូលំទូលាយ។

តាមការសង្កេតជាក់ស្តែង ម្ចាស់ឈ្មួញជាច្រើន បានប្រើប្រាស់រថយន្ត និងរុឺម៉ក ដឹកសត្វគោឆ្លងតាមច្រករបៀង តំបន់ព្រំដែនខ្សែដែក ស្ថិតនៅស្រុករមាសហែក ដើម្បីនាំទៅលក់ឲ្យពាណិជ្ជករវៀតណាម។ ការឆ្លងដែននោះ ត្រូវបានពណ៌នាថា មានការរលូន និងមិនជួបឧបសគ្គទាក់ទងនឹងការត្រួតពិនិត្យ ឬការរារាំងពីភាគីអាជ្ញាធរជំនាញឡើយ។

ប្រជាពលរដ្ឋមួយចំនួនបន្តថា មួយថ្ងៃៗអាចឃើញមានរុឺម៉កជាច្រើនគ្រឿង ដឹកសត្វគោចេញទៅខាងវៀតណាមដោយសេរី ដោយមិនបានឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធចូលមកពិនិត្យ ណែនាំ ឬធ្វើសកម្មភាពបង្ក្រាបឡើយ។ ចំណែកមន្ត្រីជំនាញ និងសមត្ថកិច្ចប្រចាំតំបន់ នៅតែរក្សាសភាពស្ងៀមស្ងាត់ ទុកឲ្យការដឹកជញ្ជូនត្រូវបានធ្វើឡើងតាមអំណាច និងការចរចាររវាងក្រុមឈ្មួញជាមួយភាគីពាក់ព័ន្ធដោយផ្ទាល់។

លោក សេត ណារិទ្ធ អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា ការដឹកជញ្ជូនសត្វគោឆ្លងដែនដោយគ្មានការគ្រប់គ្រង នឹងនាំឲ្យប្រទេសខាតបង់ប្រាក់ចំណូលពីពន្ធនាំចេញ និងប៉ះពាល់ដល់តម្លៃទីផ្សារក្នុងស្រុក។ លោកបានបន្ថែមថា៖ “ប្រសិនបើអាជ្ញាធរមិនអនុវត្តច្បាប់យ៉ាងតឹងរឹង នោះវាអាចបង្កឱ្យមានការបាត់បង់ប្រាក់ចំណូលរដ្ឋយ៉ាងច្រើន និងធ្វើឲ្យកសិករខ្មែរ ជួបការលំបាកក្នុងការលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេស “។

រីឯចំណែក លោក ឆៃ វិសាល អ្នកជំនាញផ្នែកព្រំដែន ក៏បានព្រមានថា ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឆ្លងដែនដោយគ្មាននិតិវិធី នឹងប៉ះពាល់ដល់សន្តិសុខព្រំដែន និងអាចបង្កើតឱកាសឲ្យមានការជួញដូរ ផលិតផលនិងទំនិញផ្ទុកខុសច្បាប់ផ្សេងទៀតតាមរយៈច្រកអនាធិបតេយ្យ។ លោកបានបន្ថែមថា៖ “ព្រំដែនគឺជាបន្ទាត់ស្នូលនៃអធិបតេយ្យភាពជាតិ។ បើអាជ្ញាធរមិនគ្រប់គ្រង ឲ្យបានត្រឹមត្រូវ នោះវាអាចនាំឲ្យមានបញ្ហាសន្តិសុខ និងបញ្ហាសង្គមយ៉ាងធ្ងន់ធ្ងរ។”

ទោះបីជាស្ថានភាពបែបនេះ កំពុងកើតមានជាប្រចាំក្តី ប៉ុន្តែប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ គួរចូលរួមពិនិត្យ និងយកវិធានការយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់សកម្មភាពដឹកជញ្ជូនគ្មានច្បាប់ តាមតំបន់ព្រំដែន និងថែរក្សាអធិបតេយ្យភាពរបស់ប្រទេសជាតិ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed