ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ខេត្តព្រះសីហនុ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងប្រមូលព័ត៌មាន និងស្រាវជ្រាវករណីដែលបណ្ដាលឱ្យរថភ្លើងពីរគ្រឿងបុកគ្នានៅខេត្តព្រះសីហនុកាលពីម្សិលមិញបណ្ដាលឱ្យអ្នកបើកបរ២នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោក គង់ វិមាន បានប្រាប់ EAC News ថា ពេលនេះក្រុមការងារក្រុមហ៊ុន Royal Railway និងអាជ្ញាធរនៅក្នុងខេត្តព្រះសីហនុកំពុងចុះពិនិត្យនិងប្រមូលព័ត៌មានពីគ្រោះថ្នាក់នេះហើយ ខណៈលោកមិនអាចបញ្ជាក់លំអិតបាននៅឡើយទេដោយរង់ចាំក្រុមការងារធ្វើកិច្ចការនេះចប់សិន។

លោកថា៖ «ក្រុមហ៊ុនរទេះភ្លើងក៏គេបញ្ជូនមន្ត្រី បញ្ជូនមនុស្សរបស់គេទៅធ្វើការរឿងហ្នឹងជាមួយនឹងខាងអាជ្ញាធរមូលដ្ឋាននោះដែរក្នុងអំឡុងល្ងាចមិញនិងព្រឹកនេះអញ្ចឹងអត់ទាន់បានលទ្ធផលថាយ៉ាងមិចខ្ញុំសុំមិនទាន់អាចជ្រាបជូនបានទេ។ សុំអធ្យាស្រ័យ» ។

គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញម៉ោង១រសៀល រថភ្លើង២គ្រឿងដែលមួយធ្វើដំណើរចេញពីកំពង់ផែខេត្តព្រះសីហនុទៅទីក្រុងភ្នំពេញ និងមួយទៀតបើកបរពីភ្នំពេញចូលខេត្តព្រះសីហនុបានបុកគ្នានៅក្នុងភូមិថ្មីក្បែរស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្ដាលឱ្យរងការខូចខាតនិងក្រឡាប់ធ្លាក់កុងតឺន័រជាច្រើន។ ហេតុការណ៍នេះបានបណ្ដាលឱ្យអ្នកបើករថភ្លើង២នាក់រងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈនៅមិនទាន់ដឹងពីតម្លៃនៃការខូតខាត នៅឡើយទេ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed