ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៤:២០ នាទីថា កងកម្លាំងយោធារបស់ប្រទេសថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងទល់មុខនឹងភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។
យ៉ាងណាមិញ ការប៉ុនប៉ងនោះត្រូវបានប្រជាពលរដ្ឋក្នុងភូមិ និងសមត្ថកិច្ចកម្ពុជាធ្វើការទប់ស្កាត់យ៉ាងដាច់ខាត បណ្ដាលឲ្យកងកម្លាំងថៃត្រូវដកយកបន្លាលួសនោះត្រឡប់ទៅវិញ។
ក្រសួងការពារជាតិ យ៉ាងម៉ត់ចត់បានស្នើឲ្យភាគីថៃ គោរពតាមបទឈប់បាញ់ និងគោរពស្មារតីនៃកិច្ចព្រមព្រៀងដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនោះ បានផ្តោតលើការមិនពង្រីកភូមិសាស្ត្រនៃជម្លោះ និងការជៀសវាងទង្វើណាមួយដែលអាចនាំឲ្យកើនឡើងនូវភាពតានតឹងនៅតាមបណ្ដោយព្រំដែន។
កម្ពុជាបានបញ្ជាក់ជាថ្មីថា រាល់ទំនាស់ ឬករណីវិវាទទាក់ទងនឹងបញ្ហាព្រំដែន គួរត្រូវបានដោះស្រាយតាមរយៈគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) របស់ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MOU 2000)។
ក្រសួងការពារជាតិ បានផ្តល់សារសំខាន់ថា កម្ពុជាប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពតាមបណ្ដោយព្រំដែន តែបើមានសកម្មភាពណាដែលរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពជាតិ កម្ពុជាក៏ត្រៀមខ្លួនធ្វើការទប់ស្កាត់ និងការពារប្រទេសជាតិជានិច្ច៕
