នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ អ៉ីវ វាសនា អនុប្រធាននាយកដ្ឋាន នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់ការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ឹម ចន្ថា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នាយការិយាល័យ នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ជួន ណារិទ្ធ នាយការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា បាន សម្តែងគារវកិច្ចមតិស្វាគមន៍ និងបើកកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា។ បន្ទាប់មក កញ្ញាអនុសេនីយ៍ឯក រិន ដានី នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្តឆ្នាំ២០២២ របស់ការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា ជូនអង្គប្រជុំជ្រាប ដើម្បីពិនិត្យ និងពិភាក្សាសម្រេច។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន បានរំលឹកថាដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យការិយាល័យខកខានជួបប្រជុំដោយផ្ទាល់ ប៉ុន្តែបន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់បានដោយជោគជ័យ ទើបកិច្ចប្រជុំអាចរៀបចំជួបប្រជុំដោយផ្ទាល់នាពេលនេះ។ លើសពីនេះទៀត លោកឧត្តមសេនីយ៌ទោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ការិយាល័យដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងមក លោកឧត្តមសេនីយ៍ទោ មានប្រសាសន៍សង្កេតឃើញថា ការិយាល័យសម្រេចបានលទ្ធផលល្អប្រសើរកាន់តែច្រើនបន្ថែមទៀតពីឆ្នាំកន្លងទៅ ទោះបីស្ថិតក្នុងវិបត្តិបញ្ហាជំងឺកូវីដ១៩ក៏ដោយ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍បន្តថា លទ្ធផលទាំងអស់នេះគឺសុទ្ធសឹងកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់មន្រ្តីក្នុងការិយាល័យរហូតទទួលបានការជឿជាក់ និងទុកចិត្តពីថ្នាក់ដឹកនាំ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានពិនិត្យ និងពិភាក្សាលម្អិត ព្រមទាំងផ្តល់មតិយោបល់លើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្តឆ្នាំ២០២២ របស់ការិយាល័យសារព័ត៌មាន និងគ្រប់គ្រងព័ត៌មានវិទ្យា និង បានពិភាក្សាយ៉ាងលម្អិតបន្ថែមលើលទ្ធផលដែលសម្រេចបានប្រចាំឆ្នាំរបស់ផ្នែកនីមួយៗក្នុងការិយាល័យ ជាពិសេសលើបញ្ហាប្រឈម និងទិសដៅ ព្រមទាំងសំណូមពរនានា ដោយលោកឧត្តមសេនីយ៍ទោ បានផ្តល់អនុសាសន៍បន្ថែមនូវលើលទ្ធផលការងារដែលសម្រេចបាន និងដោះស្រាយបញ្ហា ព្រមទាំងលើកទិសដៅបន្តដល់ផ្នែកនីមួយៗសម្រាប់ជាផែនការអនុវត្តបន្តឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ណែនាំឱ្យមន្ត្រី និងថ្នាក់ដឹកនាំរបស់ការិយាល័យ ឱ្យខិតខំសម្រួចស្មារតីទទួលខុសត្រូវ និងបង្កើតគំនិតច្នៃប្រឌិត ព្រមទាំងខិតខំព្យាយាមអនុវត្តការងារប្រចាំថ្ងៃរបស់ការិយាល័យ និងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានប្រគល់ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ជូនអង្គភាព ជាពិសេសត្រូវចេះសាមគ្គីផ្ទៃក្នុង ដោយលោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលមានសាមគ្គីភាពគ្នាហើយ គឺពិតជាមានការរីកចម្រើន និងមានភាពជោគជ័យ ប៉ុន្តែផ្ទុយទៅវិញ បើខ្វះនូវសាមគ្គីភាព គឺមិនអាចបង្កភាពងាយស្រួលក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យបានដែរ។ លើសពីនេះទៀត លោកឧត្តមសេនីយ៍ទោ បានណែនាំបន្តដល់ថ្នាក់ដឹកនាំការិយាល័យ ត្រូវចេះរៀបខ្លួនធ្វើជាគំរូដល់មន្ត្រីក្រោមឱវាទ ឬមន្ត្រីថ្មី ដើម្បីរក្សាភាពថ្លៃថ្នូរ និងសាមគ្គីភាពឱ្យបានរឹងមាំ ដែលជាតម្លៃស្នូលក្នុងការរស់នៅ និងធ្វើការងារជាមួយគ្នា។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ និងលោកឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋានព័ត៌វិទ្យា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីនៅក្នុងការិយាល័យ ដែលមានភាពម៉ឺងម៉ាត់ ម៉ត់ចត់ និងទទួលខុសត្រូវលើតួនាទីភារកិច្ចជាប្រចាំ រហូតទទួលបានជោគជ័យ ស្រមតាមតួនាទីភារកិច្ចដែលនាយកដ្ឋាន និងថ្នាក់ដឹកនាំបានប្រគល់ជូន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed