សៀមរាប៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការចុះឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងបទឆបោកប្រាក់តាមអនឡាញ ក្រោយទទួលបានការបណ្ដឹងពីជនរងគ្រោះជាច្រើនសារជាប់ៗគ្នា ដែលបានជួបការខូចខាតផ្លូវហិរញ្ញវត្ថុ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សៀង សុគន្ធា ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានចាប់ខ្លួននៅចំណុចហាងវីងដកប្រាក់ មួយស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។
ការចាប់ខ្លួននេះ ដើមចេញពីការប្តឹងបង្ហាញពីជនរងគ្រោះមួយចំនួន ទាក់ទងនឹងផេកហ្វេសប៊ុកឈ្មោះ «លេងយ៉ាន់ឡាន Rim-CaR SHOP» ដែលជនសង្ស័យបានប្រើដើម្បីបង្ហាញការលក់ទំនិញជាច្រើនប្រភេទដែលពាក់ព័ន្ធនឹងគ្រឿងបន្លាស់យានយន្ត។ ទោះបីជាមានការទទួលប្រាក់បញ្ជាទិញពីអតិថិជនក៏ដោយ ប៉ុន្តែគ្មានការផ្ញើទំនិញអោយអតិថិជននោះឡើយ។
ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅក្នុងឆ្នាំ ២០២៣ គេបានទិញផេកហ្វេសប៊ុកខាងលើនេះ ដើម្បីប្រើប្រាស់ក្នុងការលក់សម្ភារៈតាមអនឡាញ ប៉ុន្តែគេមិនបានផ្ញើទំនិញអោយអតិថិជននោះឡើយ។ គិតចាប់តាំងពីឆ្នាំ ២០២៣ រហូតដល់ដើមឆ្នាំ ២០២៥ មានការទទួលប្រាក់ពីអតិថិជនជាច្រើនសារជាដុំៗ បើកចាប់ពីចំនួន ៥០ ដុល្លារអាមេរិក ដល់ ២៤០ ដុល្លារអាមេរិក ក្នុងមួយសំណើបញ្ជាទិញ។ បន្ទាប់ពីទទួលបានប្រាក់រួច ជនសង្ស័យបានបិទលេខទំនាក់ទំនង និងកាត់ការទំនាក់ទំនងជាមួយអតិថិជនទាំងអស់។
ជនសង្ស័យត្រូវបានចាប់ខ្លួន នៅពេលនាងទៅដកប្រាក់នៅហាងវីងដែលអតិថិជនបានផ្ញើជូន។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង និងបានបញ្ជូនសំណុំរឿងទៅអង្គសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីតាមច្បាប់៕



