ភ្នំពេញ :  នៅថ្ងៃទី១៣ សីហា ២០២៥ – ក្រសួងការពារជាតិកម្ពុជា ដោយមានការនាំពាក្យពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជាផ្លូវការថា កាលពីថ្ងៃទី១២ និង ១៣ ខែសីហា ឆ្នាំ ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងកងតម្រួតព្រំដែនថៃ ដែលប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកត្រួតពិនិត្យ និងរាយបន្លាលួស នៅក្នុងដែនអធិបតេយ្យកម្ពុជា ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខច្រកជោគជ័យ និងបានដាក់កងឡាននៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។

ក្រសួងការពារជាតិ ពិចារណាថា សកម្មភាពខាងលើជាការរំលោភបំពានច្បាស់លាស់លើចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) កាលពីថ្ងៃទី៧ សីហា ២០២៥ នៅប្រទេសម៉ាឡេស៉ី ដែលមានប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាភាគីសង្កេតការណ៍។

ចំណុចទាំងនេះកំណត់ឲ្យភាគីទាំងពីរ រក្សាកម្លាំងយោធានៅទីតាំងបច្ចុប្បន្ន មិនអនុញ្ញាតឲ្យផ្លាស់ទី ឬធ្វើសកម្មភាពណាមួយដែលអាចបង្កភាពតានតឹង រួមទាំងការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា។

ក្រសួងការពារជាតិ សូមរំលឹក និងទាមទារឲ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀង MoU ឆ្នាំ២០០០ ជាពិសេសមាត្រា៥ ដែលបញ្ជាក់ឲ្យរក្សាស្ថានភាពដដែល និងហាមឃាត់ការប្រែប្រួលបរិស្ថានតំបន់ព្រំដែន។ សម្រាប់តំបន់ដែលមិនទាន់មានកិច្ចព្រមព្រៀង ត្រូវរង់ចាំការចរចា និងដោះស្រាយតាមរយៈគណៈកម្មាធិការចម្រុះខ័ណ្ឌសីម៉ា និងគណៈកម្មាធិការកំណត់ព្រំដែនគោកកម្ពុជា–ថៃ (JBC)។

ក្រសួងការពារជាតិ សូមគោរពជម្រាបជាផ្លូវការថា កម្ពុជាប្តេជ្ញាចិត្តឥតលម្ហែ ក្នុងការគោរព និងអនុវត្តនូវបទឈប់បាញ់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *