ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
![](http://rmn.asia/wp-content/uploads/2025/01/1000160206-1024x682.jpg)
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១៦ខែកន្លងមកនេះ គេអាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយការដឹកនាំរបស់អ្នកបន្តវេនមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។ មានសក្តានុពល ថាមពល មធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ដើម្បីដឹកនាំនាវាកម្ពុជា។
![](http://rmn.asia/wp-content/uploads/2025/01/1000160181-1024x682.jpg)
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតី និងជំហទទួលខុសត្រូវខ្ពស់បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ កំណែទម្រង់ឱ្យកាន់តែស៉ីជម្រៅ និងទូលំទូលាយ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០។
![](http://rmn.asia/wp-content/uploads/2025/01/1000160169-1024x682.jpg)
សម្ដេចបន្ដថា សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។
![](http://rmn.asia/wp-content/uploads/2025/01/1000160182-1024x682.jpg)
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន យល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនា ប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
![](http://rmn.asia/wp-content/uploads/2025/01/1000160170-1024x682.jpg)
សន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការនូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។
សមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេលជាង១៦ខែ បានបង្ហាញអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា៕
![](http://rmn.asia/wp-content/uploads/2025/01/1000160121-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160187-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160188-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160191-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160167-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160163-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160204.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160190-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160143-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000160123-1024x682.jpg)
![](http://rmn.asia/wp-content/uploads/2025/01/1000158667-2.jpg)