អ្នកសារព័ត៌មាន ពីរនាក់ នៃអង្គភាព LSN TV បានរួចផុតពីការចោទប្រកាន់ ក្រោយសាមីខ្លួន សុំទោសជាសាធារណៈ ជូនចំពោះកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅខេត្តកំពត
ខេត្តកំពត : សេចក្តីថ្លែងទទួលកំហុសនេះ បានធ្វើឡើង តាមរយៈ ការផ្សាយផ្ទាល់ នៅមុខសាលាខេត្តកំពត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អ្នកសារព័ត៌មាន ដែលត្រូវបានដោះលែងនោះ គឺលោក សាយ សុភា អាយុ ២៤ឆ្នាំ និងលោក អ៊ីង ធឿន អាយុ ២៧ឆ្នាំ។ ទាំងពីរនាក់ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
សេចក្តីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាននគរបាល ខេត្តកំពត នៅរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានខ្លឹមសារថាៈ នាវេលាម៉ោង ២ និង៥០នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពត បានឃាត់ខ្លួនអ្នកសារព័ត៌មាន LSN TV ពីរនាក់។
មូលហេតុដែលនាំឱ្យមានការឃាត់ខ្លួន ព្រោះតែអ្នកទាំងពីរ មកផ្សាយផ្ទាល់ នៅមុខសាលា ខេត្តកំពត ដោយវាយប្រហារ លើចំណាត់ការ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ទាំងមិនបានទំនាក់ទំនង សួរនាំឱ្យបានច្បាស់លាស់ ជុំវិញករណីឃាត់ខ្លួន ជនសង្ស័យបួននាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការផ្សព្វផ្សាយ ដោយមិនមានតុល្យភាព នឹងធ្វើឱ្យសាធា រណជន ភាន់ច្រឡំ ក៏ដូចជា អរិភាព លើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ទៀតផង។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ការផ្សព្វផ្សាយ បែបញុះញង់ ធ្វើឡើងដោយ អ្នកសារព័ត៌មាន ទាំងពីរ បានជំរុញឱ្យបង្កើនសកម្មភាព ទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ លើដីដែលមាន ប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។
សរុបមក ទង្វើទាំងនេះ មានចេតនាញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាកេរ្តិ៍ ដែលមានចែង ក្នុងមាត្រា៤៩៥ និងបរិហារបង្កាច់កេរ្តិ៍ ដែលមានចែង ក្នុងមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីប្រកាសព័ត៌មាន បានរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាន នគរបាលស្រុកឈូក បានឃាត់ខ្លួន ជនសង្ស័យបួននាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត និងញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ក្នុងការបង្ក្រាបបទល្មើស ជាក់ស្តែងនោះ សមត្ថកិច្ច បានសុំគោលការណ៍ឯកភាព ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត ដើម្បីប្រតិបត្តិការ តាមនីតិវិធី៕