ខេត្តបន្ទាយមានជ័យ : តើអ្នកទន្ទ្រានដី និងលក់ដីព្រៃលិចទឹកតំបន់៣នាភូមិសាស្រ្តស្រុកព្រះនេត្រព្រះ អាចនឹងមានវាសនាជាប់ឃុំ ដូចលោកអែម ណុយ ដែរឬទេ? ស្របពេលសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅឲ្យចូលខ្លួនផ្តល់ចម្លើយ ជាបន្តបន្ទាប់។ជាក់ស្តែងនៅថ្ងៃទី៣ ខែមីនា វេលាម៉ោង២ រសៀល ឆ្នាំ២០២២នេះ លោកមាស ហ៊ឹក មេឃុំប្រាសាទ នឹងត្រូវចូលទៅបំភ្លឺ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំប្រាសាទ និងឃុំភ្នំលៀប តាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២។

ដោយឡែកអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ក៏ត្រូវបាន អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ អញ្ជើញឱ្យចូលបំភ្លឺពាក់ពន្ធ័និងករណីឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែរ
យោងតាមលិខិត អញ្ជើញចំនួន២ច្បាប់ ដាច់ដោយឡែកពីគ្នា របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានអញ្ជើញឱ្យចូលខ្លួនបំភ្លឺ នៅម៉ោង២រសៀល ថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ចំណែកលោក មាស ហ៊ឹក មេឃុំប្រាសាទ ចូលខ្លួនបំភ្លឺ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៤.០០រសៀល។

មជ្ឈដ្ឋាននានា បានចោទសួរថា តើអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ ដែលគេស្គាល់ថាសុទ្ធតែ ជាអ្នកបានរំលោភយកនិងលក់ដីរដ្ឋ អាចត្រូវជាប់ពន្ធនាគារដែរឬទេ ខណៈមេឃុំមួយរូបផ្សេងទៀត ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីទន្រ្ទានដីព្រៃលិចទឹក តំបន់៣ និងជនទន្រ្ទានមួយចំនួនទៀត ត្រូវបានជាប់ពន្ធនាគារ ជាបន្តបន្ទាប់។

មជ្ឈដ្ឋាននានា បានចោទសួរបន្ថែមថា តើតុលាការខេត្តបន្ទាយមានជ័យ មានសមត្ថភាពចាប់ជនរំលោភទន្រ្ទានដី ព្រៃលិចទឹក តំបន់៣មួយចំនួនទៀត ដែលកំពុងរស់នៅក្រៅ សំណាញ់ច្បាប់ដែរទេ? (ដោយ៖ ឧត្តម )

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed