ខេត្តបន្ទាយមានជ័យ : ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ប្រជាពលរដ្ឋ ចំនួន ២៧៩ គ្រួសារផ្ទះលិចទឹកជនន់ នៅឃុំទឹកជោរ ក្នុងស្រុកព្រះនេត្រព្រះ បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូក្រាមមី១០កញ្ចប់ ត្រីខ ៥យួរ ទឹកស៊ីអ៊ីវ ៣យួរ និងទឹកត្រី ៣យួរ តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ព្រមទាំងក្រុមការងារមន្ត្រីបច្ចេកទេសថ្នាក់ជាតិ (គ.ជ.គ.ម) មន្ត្រីក្រុមការងារចម្រុះថ្នាក់ខេត្ត ស្រុក ឃុំ ក្នុងនោះ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងជំនន់ ទឹកភ្លៀង នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ និងទឹកជំនន់ នៅភាគខាងកើត ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នៅល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកអមដំណើរ លោកទេសរដ្ឋមន្ត្រី គន់ គីម នេះដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែងថាផ្ទះប្រជាពលរដ្ឋលិច ប៉ុន្មានគ្រួសារ ជញ្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពប៉ុន្មានគ្រួសារ ដើម្បីយកស្បៀងទៅចែកឲ្យផ្ទាល់ដៃ និងចែកបន្តបន្ទាប់ទៀតនៅស្រុកផ្សេងៗ ដែលរងគ្រោះដោយទឹកជំនន់។
ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយជនន់ទឹកភ្លៀងនោះ លោកអ៊ុំរាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ នេះជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងក្រុង ស្រុកមួយចំនួន ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ប្រជាពលរដ្ឋ លិចលងផ្ទះសម្បែង និង មានប្រជាពលរដ្ឋស្លាប់ដល់ទៅ៣នាក់ ក្មេង១នាក់។
លោកគន់គីមបានមានប្រសាសន៍ដែរថា ដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកំពុងខ្វះខាតស្បៀងខ្លាំង លោកនិងក្រុមការងារបានដឹកនាំអំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះបន្ទាន់យកមកចែកឲ្យដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិនេះ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀម ជួយដឹកជញ្ជូនជន្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្នបានក៏ធ្វើការចែកស្បៀងឲ្យ
ហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។
លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូច ជាកូវីដ.១៩ជាដើម បើមានបញ្ហាសុខភាពបឋម សូមអញ្ជើញទៅ ពិគ្រោះ ពិនិត្យសុខភាព និងទទួលសេវា ឬថ្នាំសង្កូវ នៅមណ្ឌលសុខភាព តាប៉ុន នៃឃុំទឹកជោរ ។
ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព និងមាន អនាម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវប្រុងប្រយ័ត្នសត្វអសិរពិស ទិចឬខាំ ជាងនេះទៀត ការពារកូនចៅតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ កុំឲ្យលេង ឬចុះទឹក ដោយគ្មានមនុស្សធំពេញកម្លាំងនៅក្បែរ ដើម្បីបង្ការគ្រោះថ្នាក់ ជជាយថាហេតុផងដែរ៕ដោយ៖ ឧត្តម
https://www.rmn.asia














