ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ យូសុះ ហ្វាតៀរនី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខ្មែរ-ឥស្លាមស្រលាញ់សន្តិភាព បានដឹកនាំនិស្សិតជ័យលាភីអាហារូបករណ៍១០រូប ចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាព មុននឹងធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានសម្តែងការអបអរសាទរ និងការកោតសរសើរខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ប្អូនៗសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខ្មែរ-ឥស្លាមស្រលាញ់សន្តិភាព ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គមជាមួយសម្ពន្ធយុវជនស្រលាញ់សន្តិភាពនាពេលកន្លងមក ទោះបីប្អូនៗជាកូនប្រជាកសិករ និងមួយចំនួនជាកូនអ្នកនេសាទ ប៉ុន្តែប្អូនៗបានប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅឯប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានផ្តាំរំលឹកដល់ប្អូនៗនិស្សិតអាហារូបករណ៍ជាសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ត្រូវតែចងចាំអំពីតម្លៃសន្តិភាព និងត្រូវចែករំលែកទៅកាន់សាធារណជន អំពីភាពសុខុដុមផ្នែកសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រកបដោយគតិបណ្ឌិត និងមានការទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាជន និងជោគវាសនារបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ជុំ កុសល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏បានសម្តែងក្តីរំភើបជាខ្លាំងចំពោះឱកាសដ៏មានតម្លៃរបស់ប្អូនៗសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ទៅបន្តការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅក្រៅប្រទេស ដើម្បីយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងជាមួយរាជរដ្ឋាភិបាលដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏បានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ទាំង១០នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ៤០ម៉ឺនរៀល នាឡិកាដៃលំអដោយរូបសញ្ញាសម្ពន្ធយុវជនស្រលាញ់សន្តិភាពមួយគ្រឿង និងលិខិតសរសើរជាអនុស្សាវរីយ៍៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed