https://www.rmn.asia
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានផ្ទះជាប់ប្រឡាយទឹកតាមផ្លូវរថភ្លើង កំពុងឆ្ងល់រឿងអាជ្ញាធរ អនុញ្ញាតិឲ្យឈ្មួញចាក់ដីលុបប្រឡាយដីរដ្ឋ ។
ការចាក់ដីគឺចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២មក ដល់ថ្ងៃទី៥ គេឃើញគ្រឿងចក្រឡានដឹកដី បានសម្រុកចាក់លុបដីប្រឡាយតាមបណ្ដោយផ្លូវរថភ្លើង មានទីតាំងនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋដែលនៅមូលដ្ឋាន និងជាអ្នកមានដីជាប់ព្រំប្រទល់និងដីរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានរស់នៅទីនេះ តាំងពីឆ្នាំ១៩៧៩ ហើយមិនដែលឃើញមាននរណាមកអាស្រ័យផលអ្វីទេ ព្រោះនេះជាដីរដ្ឋ ។
រហូតដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០ ស្រាប់តែមានមនុស្សម្នាក់បានជួលគ្រឿងចក្រ ដឹកដីយកមកចាក់លុបយកតែម្ដង ធ្វើឲ្យប្រជាពលរដ្ឋឆោឡោស្រឡាំងកាំងប្ដឹងទៅចៅសង្កាត់ត្រពាំងក្រសាំងនិងអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធ ក៏បញ្ជាកំលាំងខណ្ឌ ឲ្យចុះចាប់យកគ្រឿងចក្រម្ដងរួចមកហើយ។
ក្រោយមកបុរសដែលអះអាងថាជាម្ចាស់ដីនោះ បានយកប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព 62793 ចុះថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៨ មកបង្ហាញ។
យោងតាមការពិនិត្យទៅលើប័ណ្ណ ឃើញមានភាពខុសប្រក្រតីជាច្រើនអន្លឺដូចជា:
1-តំណាងលោក ស៉ឹម ភឺន បញ្ជាក់ថា ដីគាត់នៅជាប់ដីរដ្ឋ ហើយគេលួចធ្វើប្លង់នេះគាត់មិនបានដឹងលឺឬចូលរួមផ្ដឹតមេដៃទេ ព្រោះគាត់ដឹងថាជាដីរដ្ឋ។
2-ចំពោះព្រំប្រទល់ ខាងជើងជាប់និង ទុយ ប៊ុន នោះគឺទុយ ប៊ុន មានដីតែជាង២ម៉ែត្រទេ ហើយក៏ប្រគល់ឲ្យរដ្ឋវិញហើយដែរ។ រីឯព្រំខាងត្បូងថាជាប់ឈ្មោះ ហ៊ល ធី នោះគឺ មិនដែលស្គាល់ទេ ម្យ៉ាងនៅខាងត្បូងគ្មានអ្នកជាប់ព្រំប្រទល់ទេ។
ចំណែកខាងកើតទល់ សឹម ភឺនគឺត្រឹមត្រូវ តែមិនបានផ្ដឹតមេដៃដឹងលឺទេ ម៉េចក៏អាចធ្វើប័ណ្ណសំគាល់បាន?
យោងតាមប័ណ្ណដែលអង្គភាពសារព័ត៌ រស្មី ញ៉ូស៍ទទួលបានម្ចាស់កម្មសិទ្ធិករឈ្មោះ វួន ម៉េងយូ ១៨.១០.១៩៩០និងឈ្មោះ វួន ពួយអៀង ១១.១២.១៩៩៣។
បើតាម មន្ត្រីជាន់ខ្ពស់នៃសាលាខណ្ឌពោធិ៍សែនជ័យម្នាក់បានលបខ្សឹបប្រាប់ថាបណ្ណនេះ មានភាពមិនប្រក្រតីច្រើន អាចមានមេភូមិឬអនុភូមិលួចលក់យកលុយដាក់ហោប៉ៅ។
ហើយកាលកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អង្គភាពសារព័ត៌មាន រស្មី news បានសុំការបំភ្លឺពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានបានឱ្យដឹងថា : កាលពីលើកមុនឈ្មួញមកអះអាងថាជាដីកម្មសិទ្ធិរបស់ឯកជន (ដីរបស់ខ្លួន) បានយកគ្រឿងចក្រមកចាក់យកដីម្តងរួចមកហើយ តែត្រូវបានក្រុមការងារសង្កាត់ ចុះមកហាមឃាត់មិនឱ្យចាក់ដីព្រមទាំងចាប់យកសម្ភារៈមួយចំនួនថែមទៀតផង ដោយសំអាងថាមិនមានប្លង់កម្មសិទ្ធិគឺប្លង់រឹង ។
លោក ហ៊ត រដ្ឋា បានបញ្ជាក់បន្ថែមទៀត ដីនេះជាកម្មសិទ្ធិឯកជនប៉ុន្តែមានប្លង់ទន់ លោកមិនអនុញ្ញាតឲ្យមានការចាក់ដីបណ្ដោយប្រឡាយផ្លូវរថភ្លើង នោះទេបើចង់ចាក់ដីត្រូវឱ្យមានប្លង់រឹងត្រឹមត្រូវមក។ ហើយឥឡូវនេះស្រាប់តែមានប្លង់រឹងមកបង្ហាញ លោកក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
ចំណែកលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកដីធ្លី សំណង់ អង្គភាពរស្មីញ៉ូស៍បានទូរស័ព្ទនិងទាក់ទងតាមប្រព័ន្ធតេឡេក្រាម ទៅលោកដើម្បីសុំការបកស្រាយជុំវិញករណី ឈ្មួញចាក់ដីលុបប្រឡាយរបស់រដ្ឋនោះ តែមិនមានការឆ្លើយតប ឡើយ។
ប្រជាពលរដ្ឋខ្លះដែលរស់នៅក្នុងភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងបានប្រលយថា បើមិនដោះស្រាយឲ្យច្បាស់ទេ ពួកគាត់នឹងនាំគ្នាធ្វើពាក្យបណ្តឹងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់ការតែម្ដង។
គួររំលឹកថា៖ ទាក់ទិនករណីខាងលើ កាលពី រសៀលថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅ ឯក ឧត្តម នួនសុខាវី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោកក៏ធ្លាប់បានចុះទៅសិក្សាស្រាវជ្រាវពាក់ព័ន្ធឈ្មួញលួចចាក់ដីនេះដែរ ក្រោយមក នារសៀល ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ លោក ហែមដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ក៏ធ្លាប់បានចុះទៅពិនិត្យ នៅទីតាំងចាក់ដីនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ជាមួយ លោកប៉ាងលីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យរូបនោះផងដែរ បន្ទាប់មក លោកហែមដារិទ្ធ ក៏បញ្ជាឲ្យឈ្មួញចាក់ដីត្រូវបញ្ឈប់ជាបន្ទាន់ហើយត្រូវយកឯកសារដែលពាក់ព័ន្ធទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីពិនិត្យ។
ចាប់តាំងពីពេលនោះមក សកម្មភាពលួចចាក់ដីគឺឈ្មួញ គេមិនហ៊ានធ្វើសកម្មភាពទេទើបតែនៅថ្ងៃទី០២ខែសីហា ឆ្នាំ២០២២នេះ ស្របពេលលឺថា ផ្លាស់ប្តូរអភិបាល ខណ្ឌពោធិ៍សែនជ័យ ថ្មីគេក៏នាំគ្នាអនុវត្តន៍ច្បាប់បែបកន្ទេលធំបន្លំដេកបានឃុបឃិតគ្នាជាប្រព័ន្ធហើយស្រាប់តែលេចមុខឈ្មួញលួចចាក់ដីនៅទីតាំងចាស់ សាជាថ្មីទៀតបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង នោះជាខ្លាំង។
ជាចុងក្រោយប្រជាពលរដ្ឋបានសំំណូមទៅដល់ឯកឧត្តម ឃួងស្រេង អភិបាល រាជធានីភ្នំពេញសូមមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យ និងស្រាវជ្រាវ ករណី ខាងលើនោះផងដើម្បីប្រយោជន៍សាធារណ:របស់ពលរដ្ឋ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោណ៏សែនជ័យ ទាំងអស់គ្នាផង។
អង្គភាពសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺបន្ថែមគ្រប់ភាគី និងគ្រប់ស្ថាប័នពាក់ព័ន្ធ តាមរបបអ្នកសារព័ត៌មាន ៕ដោយ : N7
https://www.rmn.asia












