ខេត្តស្ទឹងត្រែង : ក្រុមឈ្មួញចាស់វស្សាប្រចាំអូរឡង់ឃុំសៀមបូកស្រុកសៀមបូកខេត្តស្ទឹងត្រែងបន្តប្រមូលដឹកជញ្ជូនឈើប្រណិតលេខ១លេខ២ប្រភេទក្តារគ្រឿងផ្ទះដាក់ទូករាល់យប់តាមទន្លេមេគង្គឆ្ពោះទៅតំបន់កោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។បទល្មើសដឹកជញ្ជូនឈើយ៉ាងអណាធិបតេយ្យនៅឃុំសៀមបូកស្រុកសៀមបូកព្រំប្រទល់ខេត្តស្ទឹងត្រែងជាមួយស្រុកសំបូរខេត្តក្រចេះនោះសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការទេ។

តាមសេចក្តីរាយការណ៍បានអោយដឹងថាមេខ្លោងឈ្មួញឈើនៅតំបន់នោះឈ្មោះវុធឈ្មោះឈឹមឈ្មោះរិទ្ធិនិងឈ្មោះសៀងឡាន។ក្រុមឈ្មួញធំៗទាំងនោះនៅក្នុងភូមិអ្នកណាក៏ស្គាល់ដែរ។ក្រៅពីមេឈ្មួញទាំងនេះក៏មានឈ្មួញខ្មែរអីស្លាមជាច្រើននាក់ទៀតមកពីខេត្តក្រចេះនាំគ្នាប្រមូលឈើពីអ្នកភូមិនៅអូរឡង់ឃុំសៀមបូកដាក់ទូកយកទៅលក់នៅខេត្តក្រចេះដោយរលូន។

ប្រភពបានឲ្យដឹងថានៅពេលរសៀលទូកមកពីខេត្តក្រចេះជាច្រើនគ្រឿងទំាងតូចធំចតនៅក្បែរមាត់ច្រាំងទន្លេចាំទទួលយកឈើនៅឃុំសៀមបូក។ចំណែកមេឈ្មួញធំៗគឺជាអ្នកចាត់ចែងប្រមូលឈើនៅលើគោយន្តដែលគេចតនៅតាមផ្ទះស្រាប់។ពេលមេឃចាប់ផ្ដើមងងឹតមេឈ្មួញចាប់ផ្ដើមបញ្ជាឲ្យគោយន្តដឹកឈើទៅទម្លាក់នៅតាមគោលដៅដែលទូកចតរង់ចាំនៅកន្លែងលើក។

ប្រភពបានឲ្យដឹងថាទូកមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ ម៉ែត្រគុបក៏ប៉ុន្តែបើទូកធំអាចពី១៥ ទៅ២០ ម៉ែត្រគុប។តម្លៃឈើក្តាកកោះទិញនៅអូរឡង់សៀមបូកខេត្តស្ទឹងត្រែងក្នុងមួយម៉ែត្រគូបតម្លៃ១លាន៨០ម៉ឺនរៀល។ពេលទៅដល់កោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះតម្លៃចាប់ពី៦០០ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រគូប។ប៉ុន្តែបើដល់ខេត្តកំពង់ចាមព្រៃវែងតំលៃជាង១ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។

មេឈ្មួញនៅតំបន់នោះបោះសម្តីថាមិនខ្លាចសមត្ថកិច្ចណាទាំងអស់តាំងពីថ្នាក់ក្រោមដល់ខេត្តព្រោះគេបានបង់លុយអស់ហើយគឺខ្លាចតែអ្នកសារព័ត៌មានចុះផ្សាយប៉ុណ្ណោះ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើម្នាក់បាននិយាយសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាពិតជាមានការលំបាកពេលចុះទៅបង្ក្រាបម្ដងៗឈ្មួញរកស៊ីឈើហាក់ដូចជាដឹងខ្លួនមុនមិនប្រព្រឹត្តបទល្មើសនោះទេ។

មន្ត្រីជំនាញលើកឡើងផងថាបើចង់បង្រ្កាបឈើនៅតំបន់ព្រំប្រទល់ដាច់ស្រយាលរវាងខេត្តស្ទឹងត្រែងនិងក្រចេះបានលុះត្រាតែមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed