ខេត្តឧត្តរមានជ័យៈ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងមួយកន្លែងបើកល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ នឹងបាញ់អាប៉ោងនៅក្នុងផ្ទះលោក សុ ជាឃី នៅចំណុចក្នុងផ្សារសាមគ្គីត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងប្រមូលផ្ដុំគ្នាលេងល្បែងសុីសងដូចជា ជល់មាន់តាមទូរទស្សន៍អនឡាញ និងបាញ់អាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យ អាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានការទប់ស្កាត់និងបង្ក្រាបនៅឡើយ។

ក្នុងនោះក៏មានការលើកឡើងពីមហាជនមួយថា តើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានរវល់ធ្វើអ្វីបានជាមិនមានការបង្ក្រាបទៅលើទីតាំងល្បែងមួយនេះ?
ឬមួយខ្លាចប៉ះពាល់ដល់ផលប្រយោជន៍បានជាមិនបង្ក្រាប? បែបនេះគឺធ្វើអោយអ្នកញៀនល្បែងមួយក្រុមនេះមិនមានការភ័យខ្លាចនឹងញញើតសមត្ថកិច្ចបន្តិចសោះ។

ប្រភពដដែល ពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបន្តទៀតថា ម្ចាស់ទីតាំងបនល្បែងខាងលើនេះ ឈ្មោះ សុ ជាឃី ដែលតែងតែគាងគរប្រមូលបក្សពួកជួបជុំគ្នាបើកលេងល្បែងសុីសងខុសច្បាប់ ភ្នាល់ចាក់លុយ រាប់ពាន់ ដុល្លារ ចាញ់ឈ្នះ នៅក្នុងវង់ល្បែងនៅទីកន្លែងតែម្ដង ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ដូចជា បទល្មើសផ្សេងៗដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សា ។

ដូច្នេះ ហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើការសំណូមពរទៅ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការទប់ស្កាត់នឹងបង្រា្កប ទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើនេះផងទាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង(៧)ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងផ្ទៃ ។

ក្រុមការងារអ្នកសារព័ត៌មាន Raksmey News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
https://www.rmn.asia
ទំនាក់ទំនងដល់ព័ត៌មាន : 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed