ភ្នំពេញ ៖ ទីតាំងអ៊ីន​ធឺណិត​មួយកន្លែងស្ថិតនៅតាម​បណ្ដាយ​ផ្លូវ​ ៥១ ក្នុង​សង្កាត់ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កំពុង​បើកទទួលភ្ញៀវមកពីគ្រប់​មជ្ឈដ្ឋាន​សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរហើយមើលទៅ។

ប្រភពព័ត៌មានពីពលរដ្ឋជាច្រើនបានលើកឡើងថាជារៀងរាល់ថ្ងៃគេសង្កេតឃើញថា មានក្រុមក្មេងស្ទាវជាច្រើនកំពុងតែប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងនៅទីតាំងអ៊ីន​ធឺណិតខាងលើនេះ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកបង្ក្រាបឡើយ។

ប្រភពដដែលបានបន្តថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសេចក្តីសុខ សុវត្ថិភាព និងភូមិ ឃុំមានសុវត្ថិភាពរបស់ពួកគាត់ព្រោះថាបើទីតាំងណាមានបើកល្បែងស៊ីសងទីតាំងនោះនឹង​ អាច​កេីត​មាន​នូវករណី​ លួច​ ឆក់​ ប្លន់​ជា​ដេីម​។

ប្រជាពលរដ្ឋ​បានសំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិសេស​លោក​ សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូនពេញ​ និង​លោក​ ទៀង​ ចាន់​សា​រ​ អធិការ​ខណ្ឌ​ដូនពេញ​ សូមមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខាងលើនេះផងដើម្បីរក្សាការពារសន្តិសុខ​ និង​ អនុវត្តន៍​នូវ​គោល​នយោបាយ​ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់​រាជរដ្ឋាភិបាល​ដែរលបាន​ដាក់​ចេញ​។

សូមជម្រាបថា​ កន្លង​មក​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យ អភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់​ប្រភេទ​ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ៗទៀត​។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណាដែលបើកល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ ត្រូវបិទអាជីវកម្មនោះហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

សូម​បញ្ជាក់​ថា​ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ចក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុតមិនត្រូវអនុញ្ញាតឱ្យមានល្បែង​ស៊ី​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្មណេតកាហ្វេអនឡាញដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេង និងម្ចាស់ទីតាំងដែល ប្រកបអាជីវកម្មខុសច្បាប់នេះ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed