បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំច្រកទ្វារអន្តរជាតិ «ដូង» នៅស្រុកកំរៀង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីជនរូបនេះបានប្រើប្រាស់កំណាត់ឬស្សីវា.យក្បាលមន្ត្រីគ្នាឯងម្នាក់ រហូតបែកហូរឈា.មកក្លាក់។
ជនសង្ស័យខាងលើមានឈ្មោះ ហេង គឹមសៀង មានតួនាទី នាយរងប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ «ដូង» នៅស្រុកកំរៀង រីឯភាគីម្ខាងទៀតដែលអះអាងថា ខ្លួនជាជនរងគ្រោះមានឈ្មោះ ហែម វិបូឡា មានតួនាទី នាយរងប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ «ដូង» ជាមួយគ្នា។
ជនដៃដល់ឈ្មោះ ហេង គឹមសៀង ត្រូវបានកម្លាំងអធិការស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗ ក្រោយពីទទួលបណ្ដឹងពីឈ្មោះ ហែម វិបូឡា ដែលបានចោទប្រកាន់ថា ឈ្មោះ ហេង គឹមសៀង បានវា.យដំខ្លួនរហូតបែកក្បាល និងបែកចង្ការ នៅក្នុងកាស៊ីណូមួយកន្លែង ក្រោយពីប៉ះទង្កិចពាក្យសំដីគ្នាក្នុងម៉ោងការងារ។
ជម្លោះរវាងមន្ត្រីអន្តោប្រវេសន៍ទាំង០២រូប នៅក្នុងអង្គភាពជាមួយគ្នានេះ គឺចាប់ផ្ដើមប៉ះទង្គិចសំដីគ្នាតាំងពីយប់ថ្ងៃទី១៦ ខែមិថុនា នៅក្នុងម៉ោងយាម។
លោក ហែម វិបូឡា បាននិយាយនៅក្នុងបណ្ដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ម៉ោងប្រមាណ៨យប់ ខ្លួនដល់ម៉ោងសម្រាកយាម ហើយត្រូវដល់វេនឈ្មោះ ហេង គឹមសៀង មកយាមបន្តពីខ្លួនម្ដង។ មន្ត្រីរូបនេះបានបញ្ជាក់ថា នៅយប់នោះ ខ្លួនបានប្រើពាក្យរិះគន់ទៅលើឈ្មោះ ហេង គឹមសៀង នៅពេលឃើញមន្ត្រីរូបនេះ មិនស្លៀកពាក់ឯកសណ្ឋាន ពេលមកបំពេញការងារ។ ពេលនោះក៏មានការប៉ះសំដីគ្នាតិចតូច ហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះមិនតបតទៀតទេ ព្រោះចប់ម៉ោងយាមហើយ។
បើយោងខ្លឹមសារនៅក្នុងបណ្ដឹងដដែលនេះថា សំដីរិះគន់របស់លោក ហែម វិបូឡា ទៅលើឈ្មោះ ហេង គឹមសៀង បានធ្វើឲ្យមន្ត្រីរូបនេះ ក្ដៅក្រហាយក្លាយជាគំនុំពេញខ្លួន រហូតតាមវា.យលោក ហែម វិបូឡា បែកក្បាល បែកចង្ការតែម្ដង។
លោក ហែម វិបូឡា បាននិយាយក្នុងបណ្ដឹងថា ក្រោយប៉ះពាក្យសំដីគ្នារំលងបាន០១ថ្ងៃ គឺនៅពីព្រឹកថ្ងៃទី១៨ ខែមិថុនា ទើបអំពើហិ.ង្សានេះបានកើតឡើង។ លោក វិបូឡា បានឲ្យដឹងថា នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ពេលខ្លួនកំពុងឈរនិយាយនៅមាត់ច្រកទ្វារអន្តរជាតិ «ដូង» ឈ្មោះ គឹមសៀង បានដើរមកសួរនាំខ្លួនថា «ហែងម៉េចបានចេះតែរករឿងអញចឹង0x017d7 ខ្ញុំឆ្លើយថា «មិនដឹងទេ» ស្រាប់តែឈ្មោះ គឹមសៀង ដកដំបងមកវា.យក្បាល និង ចង្ការខ្ញុំ បណ្ដាលឲ្យរងរបួស»។
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានពុំទាន់ទទួលបានចម្លើយបំភ្លឺបែបណាពីជនសង្ស័យឈ្មោះ ហេង គឹមសៀង នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៩ មិថុនា។ ប៉ុន្តែបើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហេង គឹមសៀង ហាក់ស្របគ្នានឹងខ្លឹមសារចោទប្រកាន់របស់ភាគីរងគ្រោះ។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនវា.យសំពងក្បាលឈ្មោះ វិបូឡា ដោយសារតែឈ្មោះ វិបូឡា រូបនេះ ចេះតែតាមរករឿងខ្លួនពេក ទើបខ្លួនទប់កំហឹងមិនបាន ក៏ផ្ទុះហិ.ង្សាតែម្ដង។
ជុំវិញសំណុំរឿងមន្ត្រីអន្តោប្រវេសន៍០២រូបនៅក្នុងអង្គភាពជាមួយគ្នា ច្បាំងគ្នាផ្អើលមនុស្សម្នាពេញច្រកទ្វារអន្តរជាតិ «ដូង» នេះ បើតាមលោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យ អំពើហិង្សានេះ គឺពិតជាផ្ដើមចេញពីការប៉ះទង្កិចពាក្យសំដីរវាងមន្ត្រីទាំង០២រូបនេះមែន។
លោកគឹមសុង បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃទី១៩ ខែមិថុនានេះ លោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ហេង គឹមសៀង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕