ភ្នំពេញ ៖ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទាន បានប្រកាសថាគណបក្សនឹងទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បើទោះបីមិនពេញចិត្តចំពោះលទ្ធផលនិងលើកឡើងថាការបោះឆ្នោតមិនសេរី និងអយុត្តិធម៌ក៏ដោយ។

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ លោក សុន ឆ័យ ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះបញ្ចប់ដោយមិនមានភាពសេរី និងយុត្តិធម៌ឡើយ ដោយថាមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយគណបក្សភ្លើងទៀន ទទួលការគាបសង្កត់បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជន រហូតដល់ការដាក់បញ្ជីអ្នកសង្កេតការ។

លោក សុន ឆ័យ ថា «យើងប្រកាសថាការបោះឆ្នោតដែលមិនសេរីនិងមិនយុត្តិធម៌បានន័យថាយើងអត់ទទួលស្គាល់ការបោះឆ្នោតទេ តែយើងចង់ឱ្យកែលម្អ ដើម្បីឱ្យមានភាពយុត្តិធម៌ ដែលលទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋទេ តែបើសួរថាយក (កៅអី) ឬមួយក៏អត់ គឺយកអ្វីដែលជារបស់យើង យើងយក»។ទោះបីយ៉ាងណាក៏ដោយលោក សុន ឆ័យ ប្រកាសទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ដោយមិនមានការធ្វើបាតុកម្មណាមួយឡើយ។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនាម្សិលមិញ នៅថ្ងៃច័ន្ទនេះ គណបក្សមួយចំនួនបានចេញសេចក្ដីថ្លែងការវាយតម្លៃពីស្ថានការណ៍បោះឆ្នោតនៅកម្ពុជា។ ពួកគេចាត់ទុកថាការបោះឆ្នោតដែលរៀបចំនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ជាការបោះឆ្នោតដែលត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed