ខេត្តព្រៃវែង ៖ នារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ៥,០០០,០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល, ថវិកាស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនិងសប្បុរសជន ៤,៨០០,០០០រៀល ប្រគល់ជូនគ្រួសារសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ អត្តលេខ៨០០៤៣ អាយុ២៨ឆ្នាំ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានពលីដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបំពាក់មេដាយមាសការងារ និងបំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ទោ ជូនសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ ជាកិច្ចបច្ឆាមរណៈផងដែរ៕
https://www.rmn.asia