បាត់ដំបងៈ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នំា២០២២នេះ បញ្ជូនជនសង្ស័យ ពីរនាក់ ទៅសាលាដំបូង ខេត្តបាត់ដំបង រួចហើយ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីបុរសម្នាក់ បានល្បួងខ្ចីម៉ូតូ ពីមិត្តភក្តិ យកទៅដាក់បញ្ចាំ ហើយសមត្ថកិច្ចជំនាញខេត្ត បានស្រាវជ្រាវ ក្រសោបទាំងជនបង្ក និងអ្នកទទួលបញ្ចាំម៉ូតូ។
បន្ទាប់ពីបុរសម្នាក់ បានដាក់ពាក្យបណ្តឹង ករណីជនសង្ស័យ បានខ្ចីម៉ូតូ ហើយគេចខ្លួនបាត់ នគរបាលជំនាញ បានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បានច្បាស់លាស់ ដោយមុខសញ្ញា បានយកម៉ូតូរបស់ជនរងគ្រោះ ទៅដាក់បញ្ចាំ នៅហាងបញ្ចាំ មួយកន្លែង ហើយសមត្ថកិច្ច បានកំណត់មុខសញ្ញាសាកសួរ និងចុងក្រោយ បានបែកធ្លាយរឿងម្ចាស់ហាង ទទួលយកម៉ូតូបញ្ចាំ ពីជនសង្ស័យ ដោយមិនមាន ប្រវត្តិច្បាស់លាស់ មិនតែប៉ុណ្ណោះ ថែមទាំងបានដកហូតវត្ថុតាង ជាក់ស្តែង ទាំងម៉ូតូរបស់ជនរង គ្រោះ ទាំងម៉ូតូដែលជាប់ពាក់ព័ន្ធ ចំនួន ៨ គ្រឿងផ្សេងទៀត នាំមកកាន់ការិយាល័យជំនាញ។
អនុវត្តតាម យោបល់ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង លោកបានដឹក កម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប ចុះបង្ក្រាបតែម្តង ពីបទករណីរំលោភលើទំនុកចិត្ត ( បញ្ចាំម៉ូតូ) ថែមទាំងនាំខ្លួន ជនសង្ស័យបានចំនួន ២ នាក់ មកសាកសួរ។ ជនសង្ស័យទី១. ឈ្មោះ ប៉េ សីហា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ជាជនយកម៉ូតូ ទៅដាក់បញ្ចាំ និងម្នាក់ទៀត ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាម្ចាស់ទីតាំង ទទួលម៉ូតូបញ្ចាំ។
វត្ថតាងដែលកម្លាំងដកហូតបាន ក្នុងការបង្ក្រាប រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម ចំនួន ៦ គ្រឿង ព្រមទាំងម៉ូតូហុងដា ស្កុបពី ចំនួន ៣ គ្រឿង ។
សមត្ថកិច្ច បានប្រគល់ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១C-៦៩៣៨ ឲ្យទៅជនរងគ្រោះ ជាម្ចាស់ដើមវិញ។ រីឯវត្ថុតាង ម៉ូតូផ្សេងទៀត រក្សាទុកជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវរកម្ចាស់ដើម មកទទួល។
សំណុំរឿងខាងដើម កាលពីថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ កម្លាំងការិយាល័យ ជំនាញ បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តបាត់ដំបង រួចហើយ ដើម្បីបន្តនីតិវិធី ៕
https://www.rmn.asia