ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រឆាំងចំនួន១៣រូប បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

អតីត:សមាជិកគណបក្សប្រឆាំងទាំង១៣ រស់នៅក្នុងភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលកន្លងធ្លាប់ធ្វើសកម្មភាពនយោបាយបម្រើអតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកទៀត មានជាប់និន្នាការជាមួយគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។

ការទទួលបានសមាជិកថ្មី មកពីគណបក្សទាំងពីរខាងលើនេះ គឺនៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងាចុះជួយស្រុក ឃុំ ភូមិ ជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រើននាក់ផងដែរ។

ពិធីទទួលសមាជិកថ្មី ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនភូមិអង្គរជ័យលើ ដែលក្រុមការងារចុះជួយភូមិនេះ សហការជាមួយប្រធានភូមិ បានណែនាំ និងបញ្ចុះបញ្ចូលពួកគាត់ ឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ក្រោមម្លប់សន្តិភាព។

ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសមាជិកថ្មីទាំង១៣នាក់នេះ និងបានឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ និងបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពពេញលេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ប្រទេសជាតិមានសន្តិភាព សូមស្វាគមន៍បងប្អូនមករួមកសាងជាតិទាំងអស់គ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។

លោក អឿ​ វុន អាយុ៧៣ឆ្នាំ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងភូមិអង្គរជ័យលើ បានមានប្រសាសន៍ជម្រាបឯឧត្តមរដ្ឋមន្ត្រី និងក្រុមការងារថា កន្លងមកលោកធ្លាប់បម្រើគណបក្សប្រឆាំងមែន ប៉ុន្តែលោកយល់ថា ព្រោះលោកមិនបានទទួលអ្វីមកវិញទាំងអស់ ដួច្នេះក៏សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីរួមគ្នាការពារសន្តិភាព ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការ។

លោកបានសន្យានៅចំពោះមុខឯកឧត្តមរដ្ឋមន្ត្រីថា នឹងខិតខំកៀងគរអតីតសមាជិកប្រឆាំងឲ្យងាកមកចូលជាមួយគណបក្សប្រជាជនកម្ពុជា និងនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះនៅក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិននេះ។

ចំណែកឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមហាខ្ញូង ស្រុកកោះសូទិន បានមានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសសប្បាយរីករាយ ហើយចែកអាវ និងមួក គណបក្សប្រជាជនកម្ពុជា ជូនបងប្អូនទាំង១៣រូប ដើម្បីប្រើប្រាស់ក្នុងពេលឃោសនារកសំឡេងឆ្នោត ក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿង៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed