នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹង ម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។

នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួង ការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោន ជាច្រើនរូប។

សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក។

ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ឧសភា និងពិធីសំណេះសំណាល ដោយផ្ទាល់រវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយនឹងសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក នឹងធ្វើការផ្សព្វផ្សាយជូនទស្សនាដោយផ្ទាល់ ពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ទៅកាន់ព្រះរាជាណាចក្រកម្ពុជា៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed