ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បានលើកឡើងដូចខាងលើ ក្នុងឱកាសអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ ឯកឧត្តមបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាព សម្រាប់អ្នកណាទេ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។
អ្នកសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖
ទី១៖ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។
ទី២៖ អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មានពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះទាន់ពេលវេលាផងដែរ។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះផ្សព្វផ្សាយការពិត។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះ។
ទី៣៖ អ្នកសារព័ត៌មានគឺជាអ្នកអប់រំ តាមរយៈការស្រាវជ្រាវការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីឱ្យមហាជនបានដឹង ដើម្បីរាជរដ្ឋាភិបាលបានដឹង។
ទី៤៖ អ្នកសារព័ត៌មានជាអ្នកតាមដាន និងត្រួតពិនិត្យ នូវព្រឹត្តិការណ៍ណាមួយ ហើយធ្វើឲ្យមានតុល្យភាព តម្លាភាព។ អ្នកសារព័ត៌មាន ជាអ្នកតម្រង់ ឬកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ។ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។
ទី៥៖ អ្នកសារព័ត៌មានគឺជាអ្នកចូលរួមក្នុងការកែលម្អ។ លោកបានអះអាងថា កន្លងទៅនៅពេលដែលវិស័យសារព័ត៌មានមិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះ នៅពេលដែលកន្លែងណាមួយធ្វើខុស គាត់បានលាក់បាំងជិតឈឹង ប៉ុន្តែពេលនេះបើមានរឿងបែបនោះ គឺអាចនឹងត្រូវបើកកកាយ។ លោកហ៊ុន ម៉ាណែត បានបន្តថា សម្រាប់វិស័យកងទ័ពវិញ ព័ត៌មានគឺជាអាវុធ ជាមធ្យោបាយក្នុងការយកឈ្នះលើសមរភូមិ។ យើងប្រមូលយកព័ត៌មានពីភាគីម្ខាងទៀត ហើយវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយក៏ធ្វើផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានក៏អាចប្រៀបដូចជាអាវុធមុខពីរ។
ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មាននៅក្នុងសមរភូមិប្រៀបដូចជាអាវុធដូច្នោះដែរ អាវុធនៅក្នុងសមរភូមិអាចសម្លាប់មនុស្សនៅក្នុងសមរភូមិនោះ។ ចំណែកព័ត៌មានមិនពិតនៅក្នុងសង្គមក៏អាចធ្វើឲ្យអន្តរាយដល់សង្គមជាតិដែរ ប៉ុន្តែបើព័ត៌មានពិត គ្រប់ជ្រុងជ្រោយ លឿនពេលគឺប្រៀបដូចជាថ្នាំដ៏ល្អបំផុតសម្រាប់ សង្គមជាតិរបស់យើងទៅវិញ។
កូនច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការមានអំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ឲ្យច្បាស់ «អំណាចកុំឱ្យគេខ្លាច តែអំណាចអោយគេគោរព ទើបមាននិរន្តរភាព»។ បើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់។ ជាអ្នកដែលទៅយកព័ត៌មានហើយ ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋបានដឹង ដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហា។
ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា តម្លៃសារព័ត៌មានគ្មាននរណាអាចជួយការពារបានក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ។ ការមានចែងនៅក្នុងច្បាប់គឺជារឿងមួយ ប៉ុន្តែប្រតិបត្តិប្រកបដោយមនសិកា និងវិជ្ជាជីវៈទើបជារឿងសំខាន់៕
https://www.rmn.asia