ភ្នំពេញ ៖ នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញបាន ថ្លែងថា ៖ «វាល្មមដល់ពេល ដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេស នៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាល រាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ ល្អប្រសើរឡើង»។

សូមជម្រាបផងដែលថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវ ដាក់តាំងលក់រថយន្តលើចិញ្ចើមផ្លូវ ទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព នៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់ អនុវត្ត មិនទទួលបានប្រសិទ្ធភាពនៅឡើយ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ២០២១ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌ ត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។ ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបន្តទៀតថា ដូច្នេះ អាជ្ញាធរខណ្ឌ ត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។

បើក្រឡេកមកមើលពី វិធានការក្តៅ ក្នុងការសង្គ្រោះចិញ្ចើមផ្លូវ របស់អភិបាលខណ្ឌដូនពេញ ហាក់គ្មានប្រសិទ្ធភាពសោះ ធ្វើអោយតែល្អមើលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ចិញ្ចើមផ្លូវ ត្រូវបានគេរំលោភធ្វើជាចំណតរថយន្តឈ្នួល និងធ្វើអាជីវកម្មដដែល។

កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២២ ភ្នាក់ងារយកព័ត៌មាន រស្មី news បានចុះផ្តិតយករូបភាពនៅចំណុចរថយន្តឈ្នួលអនាធិបតេយ្យនិង ទីតាំងដាក់តាំងរថយន្តតាមចិញ្ចើមផ្លូវសាធារណៈ ដែលមានទីតាំង :
១/ ទីតាំងចំណតរថយន្តឈ្នួល ជាប់របងវត្តស្រះចក ផ្លូវលេខ៨៦កែងនឹងផ្លូវលេខ៦១ ។
២/ទីតាំងខាងជើងផ្លូវហូលីដេ ផ្លូវលេខ៨០កែងផ្លូវលេខ៧៥ ។
៣/ទីតាំងចំការកៅស៊ូ ដាក់តាំងរថយន្តលក់តាមសងខាងផ្លូវ លេខ៨០កែងផ្លូវព្រះស៊ីសុវត្តិ ។
៤/ទីតាំងខាងជើងវត្តស្រះចកជិតភោជនីយដ្ឋានពិភពថ្មីដែលមានទីតាំងផ្លូវលេខ៦១កែងផ្លូវ៨៨ ដាក់តាំងលក់រថយន្តលើចិញ្ចើមផ្លូវ ហើយនៅទីតាំងផ្សេងៗទៀតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

សូមជម្រាបថា ចំណុចជ្រុងខាងលើនេះ ប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរ ហើយដោយសារចំណតអាណាធិបតេយ្យនិងដាក់លក់តាំងរថយន្តលើចិញ្ចើមផ្លូវសាធារណៈបណ្ដាលអោយមានការកកស្ទះចរាចរណ៍ជាញឹកញាប់ក្នុងការធ្វើដំណើរ ទៅប្រកបអាជីវកម្មផ្សេង របស់ពួកគាត់។

សាលាខណ្ឌដូនពេញហាក់មិនសូវគិតគូពីផលប៉ះពាល់ ដល់ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះចរាចរ ហើយ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។ អាជ្ញាធរខណ្ឌដូនពេញ ហាក់មិនជួយលើកមុខមាត់ អភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង ទាល់តែសោះ។

ពលរដ្ឋ និង អ្នកធ្វើដំណើរ សំណូមពរ ដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តា ដាក់កម្លាំងចុះជួយរៀបចំសណ្តាប់ធ្នាប់ មេត្តាជួយ រៀបចំសណ្តាប់ធ្នាប់ តាមបណ្តាផ្លូវនានា ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ជាពិសេស2 ទីតាំងផ្លូវ ៨៦ កែងនឹងផ្លូវ ៦១ ផ្លូវ ៨៨ កែងផ្លូវ ៦១ ផ្លូវ៨០កែងផ្លូវ៧៥ និងផ្លូវ៨៤កែងផ្លូវព្រះស៊ីសុវត្ថិ ជុំវិញ នេះតែម្តង ៕ដោយ:អក្ខរា១៦
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed