ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីរកឃើញភស្តុតាងថា លោកបានទទួលប្រាក់ពីមេការក្រុមហ៊ុន Online Scam ដើម្បីដោះលែងជនបរទេសចំនួន ៥នាក់ ដែលរួមមានបុរសជនជាតិចិនម្នាក់ និងស្រីវៀតណាម ៤នាក់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាពនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចបានចាប់បានជនសង្ស័យទាំង ៥ ក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិច (Online Scam) កាលពីថ្ងៃទី១៦ ខែកក្កដា។ ប៉ុន្តែជនសង្ស័យទាំងនេះត្រូវបានដោះលែងដោយសេចក្ដីសម្រេចរបស់អយ្យការមួយរូបដែលឥឡូវត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់ពីមេការOnline Scam ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាព ACU បានបញ្ជាក់ថា ក្រុមការងារប្រឆាំងអំពើពុករលួយ បានចេញទៅស្រាវជ្រាវនិងប្រមូលភស្តុតាងនៅខេត្តពោធិ៍សាត់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសង្ស័យករណីរំលោភនីតិវិធី។ ការស្ដាប់សំណួរនិងសាកសួរផ្ទាល់ទៅលើលោក គ្រី សីហា និងអ្នកពាក់ព័ន្ធទៀតត្រូវបានអនុវត្តដោយក្រុមស៊ើបអង្កេតក្រោមការដឹកនាំរបស់ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការរបស់ ACU។ បន្ទាប់ពីឃើញមានភស្តុតាងគ្រប់គ្រាន់ អង្គភាពបានស្នើឱ្យធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងរូបនេះ។

ក្នុងនាមជាអ្នកថែរក្សានីតិវិធីនៃរដ្ឋប្រហែលនេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញសេចក្ដីសម្រេចផ្អាកមុខងារ លោក គ្រី សីហា ជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យការស៊ើបអង្កេតធ្វើបានយ៉ាងល្អ និងជៀសវាងការរំខានដល់ដំណើរការច្បាប់។
សកម្មភាពបែបនេះបញ្ជាក់ថា អាជ្ញាធរ និងអង្គភាពមានសមត្ថកិច្ចនៅកម្ពុជាកំពុងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ទោះជាជនសង្ស័យមានតួនាទីខ្ពស់ក៏ដោយ។

សេចក្ដីសម្រេចឃាត់ខ្លួននេះ ក៏ជាការឆ្លើយតបដល់បទបញ្ជាដ៏តឹងរ៉ឹងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តោតលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការអនុវត្តច្បាប់យ៉ាងតឹងរឹងគ្រប់កម្រិត៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed