ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ កញ្ញា ២០២៥ វេលាម៉ោង១០:០០ នាទី លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ បានអញ្ជើញម្ចាស់ការ៉ាស់ផ្ញើម៉ូតូ នៅផ្លូវព្រះសីហសុវត្ថិ កែងផ្លូវលេខ២៤០ មកអប់រំ និងធ្វើកិច្ចសន្យាអំពីការយកថ្លៃផ្ញើម៉ូតូត្រឹមតែ ២,០០០រៀល តាមការណែនាំរបស់រដ្ឋបាល។

កន្លងមក រដ្ឋបាលបានអញ្ជើញម្ចាស់ទីតាំងផ្ញើម៉ូតូទាំងអស់មកអប់រំ និងធ្វើកិច្ចសន្យារួចរាល់ ហើយក្នុងរយៈពេលមួយកន្លងមកមិនមានប្រជាពលរដ្ឋប្តឹងបន្តិចបន្តួចឡើយ។ ទោះជាយ៉ាងណា នៅយប់ថ្ងៃទី៣១ សីហា ២០២៥ បងប្អូនអ្នកសារព័ត៌មានបានថតវីដេអូបង្ហាញពីការយកថ្លៃ ២,០០០រៀល លើសការណែនាំ។
ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានមកកាន់ផេកផ្លូវការ មិនថាព័ត៌មានទាក់ទងនឹងទីតាំងផ្ញើម៉ូតូ បញ្ហាសន្តិសុខ ឬបញ្ហាសណ្តាប់ធ្នាប់ ដើម្បីឲ្យរដ្ឋបាលអាចមានវិធានការទាន់ពេលវេលា។

ខណ្ឌដូនពេញគឺជាមជ្ឈមណ្ឌលទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកកំសាន្តជារៀងរាល់ថ្ងៃ ជាពិសេសតំបន់មុខព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ។ ផ្លូវថ្មើរជើងចតុមុខ ដែលជាគំនិតផ្តួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើកឱកាសអោយប្រជាពលរដ្ឋគ្រប់ទិសទីមកកំសាន្ត និងប្រកបអាជីវកម្មតាមមុខរបរផ្សេងៗ ជួយចំណូលដល់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

ដោយឡែកនេះ រដ្ឋបាលខណ្ឌដូនពេញ សូមស្នើឲ្យម្ចាស់ទីតាំងផ្ញើម៉ូតូទាំងអស់ មេត្តាកុំយកថ្លៃលើសពីការណែនាំឡើយ ព្រោះបើមិនអនុវត្តនឹងត្រូវជួបវិធានការរដ្ឋបាលដោយមិនលើកលែង។ ការយកថ្លៃលើសកំណត់អាចប៉ះពាល់ដល់ភាពជឿទុកចិត្ត និងបទពិសោធន៍របស់ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកំសាន្ត។
រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់ព័ត៌មានរបស់បងប្អូនទាំងអស់ ដើម្បីរដ្ឋបាលអាចមានវិធានការទាន់ពេលវេលា សម្រាប់ការរីកចម្រើនរបស់សង្គម៕

