ខេត្តព្រះវិហារ៖ នារសៀលថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ បានអញ្ជើញដឹកនាំប្រតិភូរណសិរ្សចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតក្នុងបេសកកម្មការពារដែនប្រទេសនៅតំបន់ព្រះវិហារ។

គួររំលឹកផងថា ព្រឹកថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ឬ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានពលីជីវិត ដោយមានអាយុ ៦៧ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងកងទ័ពសៀម ដែលបានឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាយើង។

សម្តេចម៉ែន សំអន បានសម្ដែងការលើកតំលៃខ្ពស់ចំពោះវីរភាព និងការលះបង់របស់ឯកឧត្តម ដួង សំនៀង ដោយចាត់ទុកថា ជាការបាត់បង់ដ៏ធំសម្រាប់កងទ័ពជាតិ ក្រុមគ្រួសារ និងសង្គមខ្មែរទាំងមូល។ ក៏ដូចជាបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតាដែលបានអនុវត្តព្រហ្មវិហារធម៌ និងបង្រៀនកូនខ្មែរឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ។

សម្តេចក៏បានរំលែកទុក្ខជាមួយលោកស្រី អ៊ុក ស៊ុនរ៉ានី និងសាច់ញាតិទាំងមូលរបស់ក្រុមគ្រួសារឯកឧត្តម ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ទ្រង់ ទៅសោយសុខក្នុងឋានសុគតិភពជានិច្ច។

ឯកឧត្តម ដួង សំនៀង គឺជាវីរបុរសជាតិ ដែលបានបង្ហាញវីរភាព និងការលះបង់ខ្លួនយ៉ាងឧត្ដម ក្នុងការពារទឹកដីជាតិ។ សកម្មភាពរបស់ទ្រង់ នឹងត្រូវបានកត់ចំណាំក្នុងប្រវត្តិសាស្ត្រជាតិ និងជាគំរូសម្រាប់យុវជនខ្មែរទាំងអស់៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed