ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយលោក ពៅ សោមាណាក់ ប្រធានមន្ទីរ បានសហការជាមួយអង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup ដឹកនាំដោយលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការនេះប្រចាំកម្ពុជា និងលោក តូម៉ាស់ ដឺគ្រូដ (Thomas De Groodt) នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រមានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក ចូលរួមរៀបចំកម្មវិធីផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងសកម្មភាពសម្អាតសំណល់ប្លាស្ទិក នៅតំបន់ក្បែរគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្មវិធីនេះមានការចូលរួមយ៉ាងសកម្មពីព្រះសង្ឃ អភិបាលរងក្រុងតាខ្មៅ មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ អ្នកតំណាងប្រជាជន ប្រជាពលរដ្ឋក្នុងតំបន់ យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣៣៥ នាក់/អង្គ។
គោលបំណងនៃកម្មវិធី៖
ផ្សព្វផ្សាយអំពីការចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងសារមានអត្ថន័យដូចជា៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា», និង «យើងរួមកម្លាំងគ្នាសម្អាតទន្លេ»។
អប់រំ និងលើកទឹកចិត្តសាធារណជនអំពីបញ្ហាបរិស្ថាន ដោយផ្តល់ចំណេះដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងសំរាម ការវេចខ្ចប់ ការទុកដាក់ និងផលប៉ះពាល់សំរាមសំណល់ប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងសមាសភាគទឹក។
អនុវត្តសកម្មភាពសម្អាត បែបប្រកបដោយសហការមួយចំនួន ដើម្បីបន្ថែមសោភ័ណភាព និងអនាម័យល្អនៅតាមមាត់ច្រាំងទន្លេ បណ្ដោយផ្លូវជាតិលេខ ២១អា និងក្បែរគល់ស្ពាន។
ក្នុងសកម្មភាពនោះ សំរាមនិងសំណល់ប្លាស្ទិកបានរើសប្រមូលសរុបបានចំនួន ១,០៥៥ គីឡូក្រាម ដែលជាលទ្ធផលបង្ហាញពីកិច្ចសហការរវាងរដ្ឋាភិបាល អង្គការ និងសហគមន៍ក្នុងការរួមគ្នាថែរក្សាបរិស្ថាន។
កម្មវិធីនេះបញ្ជាក់ឱ្យឃើញថា ការរួមចំណែករបស់ប្រជាជនគ្រប់ស្ថានភាព ជាផ្នែកសំខាន់មួយក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនិងបរិស្ថានស្អាតសម្រាប់ជីវិតថ្ងៃស្អែក៕











