ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជប់វារី ស្រុកព្រះនេត្រព្រះ បានអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ។
ក្នុងឳកាសនេះ លោកបានផ្សព្វផ្សាយអំពី ឳកាសការងារនៅក្នុងប្រទេស ជាពិសេសជុំវិញគម្រោងសិក្សាជំនាញបច្ចេកទេសតាមគោលនយោបាយ “១លានប្រាំសែននាក់” របស់រាជរដ្ឋាភិបាល។ លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចូលរួមវគ្គសិក្សា ដើម្បីបង្កើនជំនាញនិងឳកាសរកការងារជាអតិបរមា។
អំឡុងពិធីនោះដែរ បានមានការបង្ហាញព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលជាកត្តាសំខាន់ក្នុងការធានាសុវត្ថិភាព និងសិទ្ធិរបស់ពលករខ្មែរនៅក្រៅប្រទេស។
លើសពីនេះ លោកបណ្ឌិតគង់ គា និងលោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានជម្រាបជូនអំពីការរៀបចំឯកសារសម្រាប់ការកែតម្រូវអត្រានុកូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋឃុំជប់វារីឲ្យអាចទទួលបានសេវាសាធារណៈបានប្រសើរជាងមុន។
ពិធីនេះបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពនិងអភិវឌ្ឍភាពរបស់ពលរដ្ឋខ្មែរដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេស និងវិលត្រឡប់មកវិញ ៕N7











