ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលបានបន្តអនុវត្តតាមផែនការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងកំណត់អត្តសញ្ញាណព្រះសង្ឃនៅតាមវត្តវរជន។
ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងផ្នែកអត្តសញ្ញាណកម្ម បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ចុះស្រង់ស្ថិតិព្រះសង្ឃនៅវត្តគោកខ្សាច់ វត្តជន្លង់ម្លូ និងវត្តទ្រនំជ្រឹង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានចុះបញ្ជីស្នាក់នៅ (ក១) និងប្រគេនសៀវភៅស្នាក់នៅ (ក២) ដល់ព្រះសង្ឃប្រកបដោយសុចរិតភាព និងការគោរពសីលធម៌។ ការងារនេះមានអត្ថប្រយោជន៍ក្នុងការរៀបចំទិន្នន័យជាក់លាក់ អំពីការស្នាក់នៅរបស់ព្រះសង្ឃ ដែលអាចជាសក្ដានុពលដល់ការរួមចំណែកអភិវឌ្ឍសង្គម និងការគ្រប់គ្រងរដ្ឋបាលឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរជាងមុន។
សមត្ថកិច្ចបន្តបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តអនុវត្តនៅវត្តនានាផ្សេងទៀត ក្នុងមូលដ្ឋានដើម្បីធានាឲ្យមានគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងសុវត្ថិភាពសង្គម៕












